(តេហេរ៉ង់)៖ កងទ័ពជើងទឹកនៃប្រទេសអ៊ីរ៉ង់បានធ្វើការដាក់ពង្រាយ នាវាចម្បាំងដែលមានជើងទម្របាញ់មីស៊ីល និងឧទ្ធម្ភាគចក្រផងដែរ ដើម្បីធ្វើសមយុទ្ធនៅក្នុងដែនសមុទ្រកាសព្យែន (Caspian Sea) នៅដើមសប្តាហ៍នេះតែម្តង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានស៊ីនហួរ នាល្ងាចថ្ងៃចន្ទ ទី០២ ខែកញ្ញា ឆ្នាំ២០១៩។
នៅកំឡុងពេលនៃការធ្វើសមយុទ្ធខាងលើនេះ កងទ័ពអ៊ីរ៉ង់បានហ្វឹកហ្វឺនអំពីការអង្កេត និងស្ទាក់នាវារបស់សត្រូវ តាមរយៈការប្រើប្រាស់ឧបករណ៍ជំនាញ និងអាវុធជាដើម។ បន្ថែមពីខាងលើនេះ ក្បួនទូកល្បាតល្បឿនលឿនមានបំពាក់ដោយគ្រាប់រ៉ុក្កែត ដ៏ល្បីល្បាញរបស់ឆ្មាំការពារដែនសមុទ្រអ៊ីរ៉ង់ ក៏បានចូលរួមសមយុទ្ធជាមួយគ្នាផងដែរ។ សមយុទ្ធខាងលើនេះ គឺត្រូវបានដឹកនាំផ្ទាល់ដោយអគ្គមេបញ្ជាការនៃកងទ័ពជើងទឹកអ៊ីរ៉ង់ លោកឧត្តមនាវីឯក ហូស្សេន ខាន់ហ្សាឌី (Hossein Khanzadi) ដែលនឹងបន្តរយៈពេល ០៤ថ្ងៃគិតពីថ្ងៃចន្ទដើមសប្តាហ៍នេះតទៅ។
គួរបញ្ជាក់ថា សមយុទ្ធនៅដែនសមុទ្រកាសព្យែន គឺជាការហ្វឹកហ្វឺនសមត្ថភាពមួយ ចំពោះមុខបញ្ហានៅច្រកសមុទ្រហ័រមូស បាននិងកំពុងប្រែក្លាយទៅជា ទីតាំងក្តៅគគុកនៃការគំរាមកំហែងគ្នាផ្នែកសន្តិសុខ រវាងសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ ជាពិសេសបន្ទាន់ពីនាវាដឹកប្រេងអ៊ីរ៉ង់ត្រូវបានចាប់ឃាត់ទុក ហើយអ៊ីរ៉ង់បានសងសឹកវិញ ដោយការចាប់ឃាត់ទុកនាវាបរទេសមួយចំនួនដែរនោះ។ ទោះបីជានាវាដឹកនាំប្រេងអ៊ីរ៉ង់ ត្រូវបានដោះលែងក៏ពិតមែន តែអង់គ្លេស និងសហរដ្ឋអាមេរិក ព្រមទាំងប្រទេសមួយចំនួនទៀត បានសន្យាចល័តនាវាចម្បាំងមកកាន់ដែនទឹកអន្តរជាតិ ក្បែរប្រទេសអ៊ីរ៉ង់នេះដោយស្ថិតក្នុងន័យការពារសន្តិសុខ៕