(អាមេរិក)៖ ខណៈកន្លងមកធ្លាប់តែមានឆ្មា ឬសត្វសុនខរាងតូចល្មម ដែលត្រូវបានអនុញ្ញាតឲ្យជិះនៅកន្លែងអង្គុយរបស់អ្នកដំណើរ ជាមួយម្ចាស់របស់ពួកវា នាពេលនេះសត្វមួយប្រភេទទៀតត្រូវបានគេប្រទះឃើញថា អាចនៅជាមួយម្ចាស់វានៅលើយន្តហោះដឹកអ្នកដំណើរ របស់អាកាសចរណ៍អាមេរិក American Airlines បាន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃចន្ទ ទី០២ ខែកញ្ញា ឆ្នាំ២០១៩។
អ្នកដំណើរម្នាក់ក្នុងជើងហើរហោះក្នុងស្រុករបស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines ដែលត្រៀមចេញដំណើរពីទីក្រុង ឈីកាហ្គោ (Chicago) ទៅកាន់ទីក្រុង អូម៉ាហា (Omaha) បានប្រទះឃើញពូជសត្វសេះតឿមួយក្បាល នៅលើយន្តហោះដែរ។ បើតាមគោលការណ៍ធ្វើដំណើររបស់អាកាសចរណ៍អាមេរិក American Airlines ឥឡូវនេះប្រភេទសត្វសេះតឿ ដែលត្រូវបានបង្វឹកឲ្យជួយទុក្ខធុរៈម្ចាស់វា ដែលជាបុគ្គលអសមត្ថភាពផ្នែកអ្វីមួយជាដើម គឺអាចធ្វើដំណើរនៅកន្លែងអង្គុយរបស់អ្នកដំណើរបានតែម្តង។
គួរជម្រាបថា ជាទូទៅសត្វណាមួយដែលម្ចាស់ចង់យកធ្វើដំណើរតាមជើងយន្តហោះ គឺត្រូវស្ថិតនៅកន្លែងស្តុកទំនិញឯណោះទេ ប៉ុន្តែអាកាសចរណ៍មួយចំនួន អនុញ្ញាតឲ្យឆ្មា និងសុនខតូចៗល្មម អាចជិះនៅជាមួយម្ចាស់ពួកវាតែម្តងបាន។ ម៉្យាងវិញទៀតសត្វដែលភាគច្រើនត្រូវបានបង្វឹកឲ្យជួយម្ចាស់ គឺជាសុនខ ខណៈសត្វសេះតឿគឺមិនសូវត្រូវបានគេហ្វឹកហាត់ ឲ្យបម្រើកិច្ចការបែបនេះឡើយ៕