(សឹង្ហបុរី)៖ លោក លី ស៊ានឡុង នាយករដ្ឋមន្រ្តីសឹង្ហបុរីសម្តែងក្តីបារម្ភថាជម្លោះរវាងអាមេរិកនិងចិនអាចនាំផលប៉ះពាល់ច្រើនដល់តំបន់ និងជាពិសេសដល់ពលរដ្ឋសឹង្ហបុរីដែលត្រូវកាន់ទូរស័ព្វ២ទៅ៣គ្រឿងក្នុងមនុស្សម្នាក់។
លោក លី និយាយថា បើអាមេរិកមិនអនុញ្ញាតិឱ្យក្រុមហ៊ុនចិនដូច Huawei ប្រើមីក្រូឈីបអាមេរិក ហើយចិនសងសឹកវិញដោយមិនឱ្យក្រុមហ៊ុនអាមេរិកប្រើគ្រឿងបន្លាស់របស់ចិន ពេលនោះហើយដែលចិន និងអាមេរិកត្រូវផលិតគ្រឿងបង្គុំរៀងៗខ្លួន មិនខុសកាលពីប៉ុន្មានឆ្នាំមុននៅពេលដែលយើងទៅលេងជប៉ុន គេប្រើប្រព័ន្ធ CDMA ខណៈពេលដែលសឹង្ហបុរីប្រើ GSM។
លោកលី ស៊ានឡុង ជាមេដឹកនាំអាស៊ានដែលលេចធ្លោជាងគេខាងថតរូប ជាពិសេស selfie និង wefie (ថតជាប់ខ្លួនឯងដោយខ្លួនឯង)។ គេថាលោកលី ថតបានល្អដោយសារគាត់ជាមេដឹកនាំអាស៊ានខ្ពស់ជាងគេ (១.៨៣ម) ហើយក៏ដៃវែងជាងគេ។
ក្តីបារម្ភរបស់សឹង្ហបុរីមិនដូចគ្នានឹងប្រទេសខ្មែរទេ ព្រោះនៅស្រុកខ្មែរពលរដ្ឋបានស៊ាំនឹងការប្រើទូរស័ព្ទម្នាក់ៗ២ទៅ៣គ្រឿងរួចទៅហើយ។ មានឧកញ្ញាខ្មែរម្នាក់ដែលខ្ញុំជួប គាត់ប្រើទូរស័ព្ទដល់ទៅ៧គ្រឿងឯណោះ គាត់ប្រាប់ថាទូរស័ព្ទទាំងនោះទុកប្រើសម្រាប់មនុស្សខុសៗគ្នា។
ជំលោះពាណិជ្ជកម្មដ៏ស្រួចស្រាល់ចុងក្រោយនេះ ធ្វើឱ្យមេដឹកនាំចិន និងអាមេរិកប៉ះសំដីគ្នាជាហូរហែរ។ ពេលមួយនោះ ប្រធានាធិបតីអាមេរិក លោកត្រាំ បានចោទប្រកាន់ចិនថាជា «ចោរកម្មដ៏ធំសម្បើមមួយនៅក្នុងប្រវត្តិសាស្ត្រពិភពលោក» និង «ជាអ្នកចាប់រំលោភ» សេដ្ឋកិច្ចអាមេរិក។
ដោយឡែកប្រធានាធិបតីចិន លោក ស៊ី ជីងពីង បាននិយាយថា «ប្រទេសចិននាពេលបច្ចុប្បន្ននេះមិនមែនជាប្រទេសចិនរបស់ចិនប៉ុណ្ណោះទេ តែជាប្រទេសចិនរបស់អាស៊ីនិងចិនរបស់ពិភពលោក។ ចិននាពេលអនាគតនឹងប្រកាន់ជំហរបើកចំហថែមទៀតដើម្បីចាប់យកពិភពលោក» ។
នៅពេលអាមេរិកព្យាយាមប្រើនយោបាយ «ហ៊ុំព័ទ្ធចិន» ចិនក៏ព្យាយាមពង្រីកឥទ្ធិពលរបស់ខ្លួន តាមទ្រឹស្តីថ្មីរបស់លោក ស៊ី ជីងពីងថា ចិនត្រៀមប្រយុទ្ធជាមួយ «ហង្សខ្មៅ និងរមាសពណ៌ប្រផេស» (black swans and grey rhinos)៕
ដោយ៖ លោក ពុយ គា