(ម៉ូស្គូ)៖ យោធារុស្ស៊ី នៅថ្ងៃអាទិត្យនេះ បាននិយាយថាសហរដ្ឋអាមេរិក បានដឹកនាំការវាយប្រហារ តាមផ្លូវអាកាសនៅក្នុងខេត្ត Idlib នៃប្រទេសស៊ីរី ដោយរំលោភបំពានលើកិច្ចព្រមព្រៀងមុនៗ ដែលអាចនឹងបំផ្លាញដល់បទឈប់បាញ់ទាំងមូល។ នេះតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន TASS នៅថ្ងៃអាទិត្យ ទី០១ ខែកញ្ញា ឆ្នាំ២០១៩។
ទីភ្នាក់ងារព័ត៌មាន TASS ផ្អែកលើយោធារុស្ស៊ី ក៏បានបញ្ជាក់ដែរថា សហរដ្ឋអាមេរិកមិនបានជូនដំណឹង ជាមុនដល់តួកគី និងឬរុស្ស៊ីឡើយ ពីការវាយប្រហារតាមផ្លូវអាកាសរបស់ខ្លួន ខណៈរុស្ស៊ី និងស៊ីរី កំពុងអនុវត្តបទឈប់បាញ់។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានទទួលស្គាល់ថា ខ្លួនបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសលើ មូលដ្ឋានរបស់មេដឹកនាំក្រុមអាល់កៃដា នៅក្នុងខេត្ត Idlib នៃប្រទេសស៊ីរី។ ដោយឡែក បើតាម សេចក្ដីរាយការណ៍មួយចំនួន ការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិក ទំនងជាបានសម្លាប់ ក្រុមសកម្មប្រយុទ្ធ៤០នាក់ ហើយវាកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលស៊ីរី ចាប់ផ្ដើមអនុវត្តបទឈប់បាញ់មួយក្នុងខេត្ត Idlib៕