(សេអ៊ូល)៖ ការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ ដែលថា កូរ៉េខាងជើងមានអាកប្បកិរិយាបង្ករឿង នឹងធ្វើឱ្យកិច្ចចរចារវាងទីក្រុងព្យុងយ៉ាង និងទីក្រុង វ៉ាស៊ីនតោន ជួបបញ្ហាលំបាកកាន់តែខ្លាំង។ នេះបើតាមលោកស្រី Choe Son Hui ដកស្រង់ ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០១ ខែកញ្ញា ឆ្នាំ២០១៩។
អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី Choe Son Hui ធ្វើការកត់សម្គាល់ខាងលើ ប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ និងបន្ទាប់ពីលោក ប៉ុមប៉េអូ លើកឡើងនៅចំពោះមុខភ្ញៀវកិតិ្តយសចូលរួមក្នុងពិធីមួយនៅរដ្ឋ Indiana ថាកូរ៉េខាងជើង នៅតែប្រកាន់ភ្ជាប់អាកប្បកិរិយាបង្ករឿង។
លោកស្រី Choe បានកត់សម្គាល់ដូច្នេះថា៖ «ការអត្ថាធិប្បាយរបស់លោក ប៉ុមប៉េអូ គឺជា រឿងមិនអាចទទួលយកបាន និងជាចេតនាបង្ករឿង...ហើយវាមានតែធ្វើឱ្យកិច្ចចរចារវាង សហរដ្ឋអាមេរិក និងកូរ៉េខាងជើង កាន់តែមានភាពលំបាកតែប៉ុណ្ណោះ»។
គួរជម្រាបថា បើតាមលោកស្រី Choe Son Hui គោលនយោបាយដាក់ទណ្ឌកម្មរបស់ សហរដ្ឋអាមេរិក អាចនឹងធ្វើឱ្យកិច្ចចរចារវាងប្រទេសទាំង២ រលាយទៅតាមខ្យល់ ហើយនៅ ពេលនោះ ទីក្រុងព្យុងយ៉ាង នឹងពិចារណាឡើងវិញលើការចាត់វិធានការគ្រប់រូបភាព ដើម្បីការពារខ្លួនឯង៕