(វ៉ាស៊ីនតោន)៖ Sirhan Sirhan បុរសម្នាក់ដែលកំពុងជាប់ពន្ធនាគារអស់មួយជីវិត ពីបទសម្លាប់ប្អូនប្រុសបង្កើត អតីតប្រធានាធិបតីអាមេរិក លោក John F Kennedy គឺលោក Robert F. Kennedy ត្រូវបានអ្នកទោសដូចគ្នាចាក់ឱ្យរបួស ក្នុងពន្ធនាគារមួយ កន្លែងក្នុងរដ្ឋកាលីហ្វ័រញ៉ា។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដកស្រង់ចេញផ្សាយ ដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី០១ ខែកញ្ញា ឆ្នាំ២០១៩។
យោងតាមអាជ្ញាធរអាមេរិក បុរសជាអ្នកទោសម្នាក់ ត្រូវបានគេចាក់ឱ្យរបួស ក្នុងពន្ធនាគារ Richard J Donovan Correctional ស្ថិតនៅក្បែរទីក្រុង San Diego នៃរដ្ឋកាលីហ្វ័រញ៉ា កាលពីល្ងាច ថ្ងៃសុក្រ កន្លងទៅ (ម៉ោងក្នុងតំបន់)។ អាជ្ញាធរបន្ថែមថា ជនរងគ្រោះស្ថិតក្នុង ស្ថានភាពនឹងនរ ដោយមិនបានបញ្ជាក់ឈ្មោះជនរងគ្រោះឡើយ។ ប៉ុន្តែ បើតាម ប្រព័ន្ធផ្សព្វផ្សាយអាមេរិក ជនរងគ្រោះដែលត្រូវគេចាក់ឱ្យរបួសនោះ គឺលោក Sirhan Sirhan មានអាយុ ៧៥ឆ្នាំ។
*Sirhan Sirhan គឺជានរណា?
Sirhan Sirhan ត្រូវបានតុលាការអាមេរិក កាត់ទោសដាក់ពន្ធនាគារអស់មួយជីវិត ពីបទ សម្លាប់អតីតអគ្គរដ្ឋអាជ្ញាអាមេរិក, អតីតសមាជិកព្រឹទ្ធសភានៃរដ្ឋញូយ៉ក, អតីតបេក្ខជន ប្រធានាធិបតីអាមេរិកមកពីបក្សប្រជាធិបតេយ្យ និងជាប្អូនប្រុសបង្កើតអតីតប្រធានាធិបតី អាមេរិក លោក John F Kennedy គឺលោក Robert F. Kennedy។
លោក Robert F. Kennedy ត្រូវបានលោក Sirhan បាញ់សម្លាប់នៅឯសណ្ឋាគារ Ambassador Hotel ក្នុងទីក្រុង ឡូស អាន់ជែលឡែស នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ១៩៦៨ បន្ទាប់ពីលោកត្រូវបានគេប្រកាសថាទទួលបានជោគជ័យជាបេក្ខជន ប្រធានាធិបតីអាមេរិកនៃបក្សប្រជាធិបតេយ្យ។ លោក Robert ត្រូវបានគេបញ្ចុះនៅក្បែរ ផ្នូរបងប្រុសរបស់ លោក គឺលោក John F Kennedy ដែលត្រូវបានគេបាញ់សម្លាប់ កាលពីឆ្នាំ១៩៦៣។
ដោយឡែក នៅក្នុងសវនាការក្នុងឆ្នាំ១៩៦៩ លោក Sirhan ត្រូវបានគេផ្តន្ទាទោសប្រហារ ជីវិត ប៉ុន្តែក្រោយមកលោកបានទទួលទោសជាប់ពន្ធនាគារអស់មួយជីវិតវិញ ដោយសារតែ រដ្ឋកាលីហ្វ័រញ៉ា ហាមការកាត់ទោសប្រហារជីវិត។
គួរបញ្ជាក់ថា លោក Sirhan ដែលជាជនជាតិប៉ាឡេស្ទីន ពលរដ្ឋហ៊្សកដានី បានអះអាងថា លោកមិនមានការចងចាំឡើយ អំពីការបាញ់សម្លាប់លោក Robert។ ប៉ុន្តែ នៅក្នុង បទសម្ភាសន៍តាមកញ្ចក់ទូរទស្សន៍មួយ បុរសរូបនេះ បាននិយាយថាលោកមានការឈឺចាប់ ដោយសារតែ លោក Robert គាំទ្រអ៊ីស្រាអែល ក្នុងសង្រ្គាម៦ថ្ងៃ ឆ្នាំ១៩៦៧៕