(ប៉ូឡូញ)៖ ថ្នាក់ដឹកនាំពិភពលោក ក្នុងនោះរួមមានទាំង អធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជែលឡា មឺគែល និងអនុប្រធានាធិបតីអាមេរិក លោក Mike Pence នឹងត្រូវចូល រួមក្នុងពិធីរំលឹកខួបលើកទី៨០ នៃការចាប់ផ្ដើមសង្រ្គាមលោកលើកទី២ នៅថ្ងៃអាទិត្យនេះ ក្នុងប្រទេសប៉ូឡូញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០១ ខែកញ្ញា ឆ្នាំ២០១៩។
ពិធីរំលឹកខួបខាងលើ នឹងចាប់ផ្ដើមធ្វើឡើង នៅក្រោយម៉ោង៤ព្រឹក (ម៉ោងក្នុងតំបន់) នៅក្នុងទីក្រុង Wielun ជាទីកន្លែងដែលសង្រ្គាមលោកលើកទី២ ផ្ទុះឡើង នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៣៩ បន្ទាប់ពីអាល្លឺម៉ង់ឈ្លានពានចូលប្រទេសប៉ូឡូញ ជាហេតុជំរុញឱ្យ អង់គ្លេស និងបារាំង ប្រកាសសង្រ្គាមជាមួយអាល្លឺម៉ង់។
គួរបញ្ជាក់ថា លោកស្រី អាន់ជែលឡា មឺគែល និងលោក Mike Pence នឹងត្រូវចូលរួម ក្នុងពិធីរំលឹកខួបនេះ នៅទីក្រុងវ៉ាសូវី ខណៈលោក ដូណាល់ ត្រាំ បានលុបចោលដំណើរ ទស្សនកិច្ចមកកាន់ប្រទេសប៉ូឡូញ ដោយសារតែព្យុះ Hurricane មួយកំពុងបក់បោក មកកាន់សហរដ្ឋអាមេរិក៕