(អាមេរិក)៖ ព្យុះហឺរីខិន Dorian ដែលកំពុងបោកបក់ឆ្លងកាត់មហាសមុទ្រអាត្លង់ទិក សំដៅមករកឆ្នេរភាគខាងកើតនៃរដ្ឋ Florida របស់សហរដ្ឋអាមេរិក បានកើនឡើងថាមពលក្លាយជាព្យុះហឺរីខិនកម្រិតទី៤ហើយ ខណៈព្យុះកំណាចនេះ កំពុងគំរាមគំហែងដល់ជីវិត មនុស្ស រាប់លាននាក់ ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារសារព័ត៌មាន Reuters នាយប់ថ្ងៃសៅរ៍ ទី៣១ សីហា ឆ្នាំ ២០១៩។
មជ្ឈមណ្ឌលជាតិតាមដានព្យុះរបស់អាមេរិក (NHC) ដែលមានមូលដ្ឋាននៅទីក្រុង Miami បាននិយាយថា ព្យុះ Dorian គឺជាព្យុះ ដ៏មានគ្រោះថ្នាក់បំផុត ខណៈដែលវាកំពុងបោកបក់ឆ្ពោះមករកឆ្នេរខាងកើតនៃរដ្ឋ Florida ដោយកម្លាំងខ្យល់បក់របស់វាបានកើន ដល់ល្បឿនខ្ទង់២២០គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ។
យោងតាមប្រភពដដែល ព្យុះសង្ឃរាដ៏កាចសាហាវខាងលើមានសក្តានុពល អាចធ្វើឱ្យមនុស្សរាប់លាននាក់ប្រឈមនឹងហានិភ័យ ព្រមទាំងទ្រព្យសម្បត្តិនានាផងដែរ។ ទន្ទឹមនឹងនេះ អាជ្ញាធររដ្ឋផ្លូរីដា បានចេញសេចក្តីប្រកាសអាសន្នទូទាំងរដ្ឋ និងបានណែនាំឲ្យប្រជាជនរាប់លាននាក់ ត្រូវត្រៀមខ្លួនសម្រាប់ប្រឈមមុខនឹងគ្រោះមហន្តរាយនេះ។
ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រម្សិលមិញ បានរាយការណ៍ថា «ទោះបីជាកម្លាំងនៃព្យុះខាងលើ នឹងថមថយទៅវិញបន្តិចមែន នៅដើមសប្តាហ៍ក្រោយក៏ដោយ ក៏ប៉ុន្តែកម្លាំងរបស់វាគឺនៅតែខ្លាំងដដែល ក្នុងអំឡុងពេលប៉ុន្មានថ្ងៃខាងមុខ»។
គួរជម្រាបថា ស្របពេលដែលពីដំបូងឡើយ ព្យុះហឺរីខិន Dorian ត្រូវគេព្យាករណ៍ថា នឹងបោកបក់ចូលចំរដ្ឋផ្លូរីដាពេញទំហឹងតែម្តង នោះ លទ្ធផល នៃការព្យាករណ៍ថ្មីនាពេលនេះ បានបង្ហាញថា នៅសប្តាហ៍ក្រោយ វាអាចមកដល់ត្រឹមឆ្នេរភាគខាងកើតរបស់ផ្លូរីដា នៅថ្ងៃទីអង្គារនិងពុធ រួចប្តូរទិសដៅឡើងទៅភាគខាងជើងសំដៅរករដ្ឋ Georgia រដ្ឋ South Carolina និង រដ្ឋ North Carolina ខណៈក្នុងចំណោមរដ្ឋទាំង០៣នោះ អាចចំរដ្ឋ South Carolina ពេញទំហឹង ប៉ុន្តែមិនមែនមានន័យថារដ្ឋផ្លូរីដា នឹងរួចខ្លួននោះឡើយ។ ម៉្យាងវិញទៀត ការព្យាករណ៍ក៏មិនទាន់ច្បាស់មួយរយភាគរយដែរ ដោយអាចនៅមានការប្រែប្រួលជាបន្តបន្ទាប់ ព្រោះនៅសល់ប៉ុន្មានថ្ងៃទៀតឯណោះ ទើបព្យុះ Dorian មកដល់អាមេរិក៕