(ហុងកុង)៖ បាតុកម្មបានផ្ទុះឡើងខ្លាំងនៅថ្ងៃសៅរ៍នេះ និងជាសប្តាហ៍ទី ១៣ ផងដែរ ខណៈប៉ូលិសបង្ក្រាបបាតុកម្មនៅទីក្រុងហុងកុង បានបង្ខំចិត្តប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក បាញ់បំបែកហ្វូងបាតុករនៅពីមុខការិយាល័យរដ្ឋបាល នៃទីក្រុងសេដ្ឋកិច្ចលេខ ១ ប្រចាំទ្វីបអាស៊ីមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន South China Morning Post នាល្ងាចថ្ងៃសៅរ៍ ទី៣១ ខែសីហា ឆ្នាំ២០១៩។
បាតុករដែលមានគ្នីគ្នាសរុបរាប់ពាន់នាក់ បានធ្វើដំណើរតាមដងវិថីមួយចំនួន និងបានទៅប្រមូលផ្តុំយ៉ាងកកុញ នៅពីមុខអគារការិយាល័យរដ្ឋបាលក្រុងហុងកុង បើទោះបីជាប៉ូលិសបានប្រកាសចេញ នូវបំរាមទុកជាមុនក៏ដោយ។ ក្រុមបាតុករកាលពីព្រឹកថ្ងៃសៅរ៍ បាននាំគ្នាទៅប្រមូលផ្តុំនៅតំបន់ Wan Chai ដែលនាំឲ្យប៉ូលិសសម្រេចបញ្ជាឲ្យបិទ អគារពាណិជ្ជកម្មនានា និងស្ថានីយរថភ្លើងក្រោមដីផងដែរ មុននឹងបាតុករបន្ថែមទៀត បានទៅប្រមូលផ្តុំនៅឧទ្យាន Chater ដោយខុសច្បាប់។
គួរបញ្ជាក់ថា ក្រុមបាតុករខាងលើនេះបានសម្តែងការប្រឆាំង ទៅនឹងបំរាមរបស់ប៉ូលិស ដែលហាមមិនឲ្យពួកគេទៅធ្វើបាតុកម្ម នៅតាមទីទាំងសំខាន់ៗខាងលើ ហើយពួកគេប្តេជ្ញាធ្វើការតវ៉ាបន្តទៀត ខណៈមន្ត្រីប៉ូលិសហុងកុងវិញ ក៏បានប្រកាសអនុវត្តច្បាប់ ប្រឆាំងនឹងការតវ៉ាទាំងបំពាននោះផងដែរ។ ក្រោយការបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនោះ សកម្មភាពតវ៉ាហាក់ដូចជាបានថមថយបន្តិច ប៉ុន្តែពុំមានសេចក្តីរាយការណ៍ថា មានការផ្ទុះអំពើហិង្សា ឬកក៏បាតុករត្រូវបានប៉ូលិសចាប់ខ្លួននោះឡើយ៕