(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានសម្រេចកត់បញ្ចូលឈ្មោះ អេឌ្រាន ដារយ៉ា (Adrian Darya) ដែលគ្រប់គ្នាស្គាល់ថា ជាឈ្មោះថ្មីរបស់កប៉ាល់ដឹកប្រេងដ៏ធំរបស់អ៊ីរ៉ង់ Grace-1 នោះចូលក្នុងបញ្ជីខ្មៅជាផ្លូវការហើយ ក្រោមការចោទប្រកាន់ថា កប៉ាល់មួយនេះបានលួចដឹកប្រេងពីអ៊ីរ៉ង់ទៅកាន់ស៊ីរី ប្រឆាំងនឹងទណ្ឌកម្មរបស់អន្តរជាតិ ទៅលើរបបដឹកនាំលោក បាស្សា អាល់អាស្សាដ។ នេះបើតាមការចេញផ្សាយដោយ CNA នារសៀលថ្ងៃសៅរ៍ ទី៣១ ខែសីហា ឆ្នាំ២០១៩។
កប៉ាល់ដឹកប្រេងអ៊ីរ៉ង់ខាងលើនេះ ត្រូវបានអាជ្ញាធរតំបន់ជីប្រាល់តារបស់អង់គ្លេស រឹបអូសកាលពីខែកក្កដា និងបានដោះលែងវិញកាលពីសប្តាហ៍មុននេះ ក្រោយការត្រួតពិនិត្យតាមបទដ្ឋានច្បាប់ បើទោះបីជាសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្ត បានព្យាយាមបញ្ចុះបញ្ចូល និងរារាំងការសម្រេចចិត្តរបស់អង់គ្លេសនេះយ៉ាងណាក៏ដោយ។ ការឃាត់ទុករយៈពេលដល់ទៅ ៦សប្តាហ៍នៅដែនដីជីប្រាល់តា គឺក្រោមការចោទប្រកាន់ថា នាវាយក្សនេះបានលួចដឹកនាំប្រេង គ្រោងឆ្ពោះទៅកាន់ប្រទេសស៊ីរី។
គួរបញ្ជាក់ថា អាជ្ញាធរដែនដីជីប្រាល់តា (Gibralta) បានអះអាងថា ការដោះលែងនាវា Grace-1 ឬ Adrian Darya គឺធ្វើឡើងតបតតាមសំណើពីអ៊ីរ៉ង់ ដែលបានសរសេរថា នាវានេះមិនមានគោលដៅដឹកប្រេងទៅកាន់ប្រទេសណា ដែលស្ថិតនៅក្នុងបញ្ជីទណ្ឌកម្ម របស់សហភាពអឺរ៉ុបនោះឡើយ។
ដោយឡែកការកត់ឈ្មោះ Adrian Darya ចូលក្នុងបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិកមានន័យថា ទ្រព្យសម្បត្តិរបស់កប៉ាល់ដឹកប្រេងនេះទាំងអស់ ត្រូវបានបង្កកក្រោយបទបញ្ជា ប្រឆាំងអំពើភេរវកម្ម ហើយនរណាក៏ដោយដែលផ្តល់ការគាំទ្រ ទៅដល់កប៉ាល់អ៊ីរ៉ង់មួយនេះ ក៏នឹងប្រឈមមុខចំពោះទណ្ឌកម្មពីអាមេរិកផងដែរ។ បន្ថែមពីខាងលើនេះ កាពីតែននាវាដឹកប្រេង Adrian Darya គឺលោក អាឃីឡេសហ៍ គូម៉ារ (Akhilesh Kumar) ក៏បានជាប់ក្នុងបញ្ជីខ្មៅជាមួយនាវារបស់លោកដែរ៕