(ឈីលី)៖ ប្រធានាធិបតីឈីលីលោក សេបាស្ទាន ភីណែរ៉ា (Sebastian Pinera) បានប្រកាសថា ប្រទេសលោកនឹងបញ្ជូនយន្តហោះ ០៤គ្រឿងទៀត ឲ្យទៅជួយពន្លត់ភ្លើងឆេះព្រៃនៅតំបន់អាម៉ាហ្សូន (Amazon) ក្នុងប្រទេសប្រេស៊ីល។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី៣១ ខែសីហា ឆ្នាំ២០១៩។
លោក Pinera បានប្រាប់អ្នកកាសែតនានាថា ឈីលីកំពុងតែជួយក្នុងកិច្ចប្រឹងប្រែងពន្លត់ភ្លើង ដែលបន្តឆាបឆេះនៅព្រៃអាម៉ាហ្សូន តាមរយៈយន្តហោះ AT-8 មួយគ្រឿង ដែលមានសមត្ថភាពស្តុកទឹកបាន ៣,០០០លីត្រក្នុងការពន្លត់មួយជើងៗ ហើយឆាប់ៗខាងមុខនេះ ឈីលីនឹងបញ្ជូនយន្តហោះស្រដៀងគ្នា ០៤គ្រឿងថែមទៀត ទៅកាន់ប្រេស៊ីល។ បើតាមលោក Pinera ប្រទេសឈីលីបានស្នើផ្តល់ជំនួយដល់បូលីវីថែមទៀតផង ខណៈចំណែកព្រៃ Amazon នៅប្រទេសបូលីវីក៏កំពុងឆាបឆេះច្រើនទីតាំងទៀតផងដែរ។
គួរជម្រាបថា តំបន់ព្រៃអាម៉ាហ្សូនដែលមានសារៈសំខាន់ខ្លាំងសម្រាប់ផែនដី ភាគច្រើនស្ថិតនៅក្នុងប្រទេសប្រេស៊ីលគឺខ្ទង់ ៦០ភាគរយឯណោះ ខណៈក៏មាននៅក្នុងប្រទេសកូឡុំប៊ី ប៉េរូ វេណេស៊ុយអេឡា អេក្វាឌ័រ បូលីវា និងប្រទេសក៏ដូចជាដែនដីមួយចំនួន ទៀតនៅអាមេរិកខាងត្បូងដែរ។ បញ្ហាភ្លើងឆេះព្រៃអាម៉ាហ្សូន ជាពិសេសនៅប្រេស៊ីល បានក្លាយជាប្រធានបទក្តៅគគុកសម្រាប់អន្តរជាតិ បន្ទាប់ពីនៅក្នុងឆ្នាំនេះវាបានទទួលរងការឆាបឆេះ ក្នុងអត្រាកើនឡើងយ៉ាងអាក្រក់ខ្លាំងជាប្រវត្តិសាស្ត្រ៕