(តេហេរ៉ង់)៖ រដ្ឋមន្រ្តីបច្ចេកវិទ្យាអ៊ីរ៉ង់លោក អាហ្សារី ហ្សារ៉ូមី (Azari Jahromi) នាថ្ងៃសៅរ៍នេះបានបង្ហោះរូបភាព Selfie ជាមួយផ្កាយរណប ណាហ៊ីដ ១ (Nahid-1) ដែលហាក់មិនបានរងការខូចខាតក្នុងកំឡុងពេលត្រៀមបាញ់បង្ហោះ ដែលបរាជ័យនោះឡើយ។ នេះបើតាមការផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសៅរ៍ ទី៣១ ខែសីហា ឆ្នាំ២០១៩។
លោក Jahromi បានបង្ហោះរូបថត Selfie មួយសន្លឹកនៅលើបណ្តាញសង្គម Twitter ដោយមានភ្ជាប់ខ្លឹមសារដូច្នេះថា «អរុណសួស្តីលោក ដូណាល់ ត្រាំ នេះគឺខ្ញុំហើយនិង ផ្កាយរណប Nahid-1 នាពេលនេះ»។ ផ្កាយរណបនោះមើលទៅនៅល្អធម្មតា មិនមានរងការខូចខាតអ្វីឡើយ។ យ៉ាងណាមិញ លោក Jahromi មិនបានបញ្ជាក់ថា មានហេតុការណ៍ផ្ទុះនៅកន្លែងបាញ់ផ្កាយរណប ដូចសេចក្តីរាយការណ៍ព័ត៌មានដែរ ឬក៏អត់នោះទេ។
ការបង្ហោះរូបភាពដោយរដ្ឋមន្រ្តីអ៊ីរ៉ង់ធ្វើឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបង្ហោះសារនៅលើ Twitter ថា ប្រទេសលោកមិនជាប់ពាក់ព័ន្ធករណីបរាជ័យ នៃការបាញ់បង្ហោះគ្រាប់រ៉ុក្កែត ដែលត្រូវគេជឿជាក់ថាសម្រាប់ដឹកផ្កាយរណប Nahid-1 ឡើងទីអវកាសឡើយ។ លោក ត្រាំ ក៏បានភ្ជាប់មកនូវរូបភាព បង្ហាញពីទីតាំងបាញ់បង្ហោះផងដែរ គឺមជ្ឈមណ្ឌលអវកាស អ៊ីម៉ាន់ ខូមៃនី (Iman Khomeini) នៅខេត្តសេមណាន់ (Semnan) របស់អ៊ីរ៉ង់ ដែលមើលទៅមានស្លាកស្នាមពណ៌ខ្មៅ បណ្តាលមកពីការផ្ទុះឆេះ។
តាមរយៈការបង្ហោះរូបភាពនេះទៀតសោតបានបង្កការសង្ស័យថា វាជារូបភាពសម្ងាត់ ដែលអាចថតបានដោយផ្កាយរណបយោធា ឬមួយក៏យន្តហោះដ្រូនរបស់អាមេរិក ខណៈបើថតបានពីយន្តហោះដ្រូនគឺមានន័យថា អាមេរិកបានរំលោភដែនអាកាសរបស់អ៊ីរ៉ង់ ឬក៏មានយន្តហោះដ្រូនដែលទំនើបខ្លាំង អាចហោះយ៉ាងខ្ពស់ពីលើដែនអាកាសប្រទេសដទៃ ហើយផ្តិចយករូបភាពបានច្បាស់បែបនេះ។ យ៉ាងណាមិញលោក ត្រាំ បានបញ្ជាក់ថា លោកមានសិទ្ធិបង្ហោះរូបភាពនោះ។
គួរជម្រាបថា ក្នុងសប្តាហ៍នេះ ក្រុមមន្រ្តីអ៊ីរ៉ង់បានបង្ហើបប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណថា មានករណីផ្ទុះគ្រាប់រ៉ុក្កែតដឹកផ្កាយរណប ដែលទំនងជាបណ្តាលមកពីបញ្ហាបច្ចេកទេស ប៉ុន្តែមិនមានការបកស្រាយជាផ្លូវការ ពីរដ្ឋាភិបាលអ៊ីរ៉ង់ឡើយ។ ដោយឡែកគ្រានោះ បើតាមរូបភាពថតបានពីផ្កាយរណប របស់ក្រុមហ៊ុនផ្តិតយករូបភាពផែនដីឈ្មោះ Planet Labs ឃើញមានផ្សែងហុយឡើងលើមេឃ ខណៈដែលមជ្ឈមណ្ឌលអវកាស Iman Khomeini ហាក់កំពុងតែត្រៀមបាញ់បង្ហោះផ្កាយរណប។ បើពិតមែននោះ វានឹងជាការបាញ់បង្ហោះគ្រាប់រ៉ុក្កែតបរាជ័យលើកទី ៣ ហើយសម្រាប់អ៊ីរ៉ង់ក្នុងឆ្នាំនេះ ព្រោះកាលពីខែមករា និងខែកុម្ភៈកន្លងទៅ ក៏មិនបានទទួលជោគជ័យដែរ៕