(ប្រេស៊ីឡា)៖ ភ្លើងឆេះព្រៃអាម៉ាហ្សូន (Amazon) ដូចជាគ្មានសភាពថមថយនោះឡើយ ដោយការឆេះរាលដាលបាននិងកំពុងបន្តទៅកន្លែងថ្មីៗទៀត ជាពិសេសនៅក្នុងប្រទេសបូលីវី ខណៈមេដឹកនាំប្រេស៊ីលគឺលោកប្រធានាធិបតី ហ្ស៊ែរ បូលសូណារ៉ូ បានបង្ហាញការរិះគន់កាន់តែខ្លាំងទៅលើបណ្តាមេដឹកនាំទ្វីបអឺរ៉ុប ជាពិសេសគឺប្រធានាធិបតីបារាំងតែម្តង ហើយលោកក៏បានប្រកាសជាថ្មីទៀតថា ថវិកាជាការបរិច្ចាគពីបរទេស ២២លានដុល្លារអាមេរិកនោះ ប្រេស៊ីលមិនទទួលយកជាដាច់ខាត។ នេះបើតាមការចេញផ្សាយដោយ CNA នារសៀលថ្ងៃសៅរ៍ ទី៣១ ខែសីហា ឆ្នាំ២០១៩។
លោក បូលសូណារ៉ូ (Jair Bolsonaro) ក៏បានបញ្ជាក់បន្ថែមទៀតដែរថា លោកនឹងជួបពិភាក្សាជាមួយអធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជែឡា មើគែល ដើម្បីលើកឡើងអំពីការអត្ថាធិប្បាយរបស់ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ដែលបានធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យភាពរបស់ប្រទេសប្រេស៊ីល។ លោក បូលសូណារ៉ូ បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «អឺរ៉ុបជាគ្មានអ្វីត្រូវមកប្រដៅយើង អំពីការអភិរក្ស និងគាំពារបរិស្ថាននោះទេ ព្រោះវានឹងត្រូវធ្វើហើយពាក់ព័ន្ធនឹងព្រៃ Amazon នោះ»។
គួរបញ្ជាក់ថា កាលពីកំឡុងកិច្ចប្រជុំកំពូលនៃមហាអំណាចសេដ្ឋកិច្ច G7 នៅប្រទេសបារាំង លោក ម៉ាក្រុង ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ បានហៅមហន្តរាយភ្លើងឆេះព្រៃ Amazon នៅប្រេស៊ីល និងបូលីវីថាជា «វិបត្តិអន្តរជាតិ» ហើយលោក ម៉ាក្រុង បានចោទប្រធានាធិបតីប្រេស៊ីលថា បានកុហកលោកអំពីជំហរប្រេស៊ីល ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំង បញ្ហាបម្រែបម្រួលអាកាសធាតុថែមទៀត។
ជុំវិញសម្តីលោក ម៉ាក្រុង ខាងលើនេះប្រធានាធិបតីប្រេស៊ីលលោក បូសូណារ៉ូ បានឆ្លើយតបវិញខ្លាំងៗ និងបានចោទមេដឹកនាំបារាំងរូបនេះថា «មានចិត្តគំនិតបែបអាណានិម»។ យ៉ាងណាក្តីសម្ពាធពីទ្វីបអឺរ៉ុបនេះ ក៏មិនមែនគ្មានឥទ្ធិពលសោះទៅលើប្រេស៊ីលនោះដែរ ដោយក្រោយមកប្រេស៊ីលបានសម្រេចចេញក្រឹត្យពិសេសមួយ ដែលអនុញ្ញាតឲ្យទ័ពរាប់ម៉ឺននាក់ចេញប្រតិបត្តិការជួយពន្លត់ភ្លើងឆេះព្រៃ ហើយលោក បូលសូណារ៉ូ បានប្រកាសបំរាមរយៈពេល ៦០ថ្ងៃទូទាំងប្រទេស ដោយមិនតម្រូវឲ្យមានការដុតរានព្រៃយកដីនោះឡើយ កាលពីថ្ងៃទី៣០ ខែសីហាម្សិលមិញ។
គួរបញ្ជាក់ថា បើតាមតួលេខកាលពីថ្ងៃសុក្រ ភ្លើងឆេះព្រៃបានកើតមានឡើងជាង ២,៣០០ទីតាំងថ្មីៗទៀត នៅក្នុងតំបន់ព្រៃគំរបទឹកភ្លៀង Amazon ធ្វើឲ្យក្នុងឆ្នាំ២០១៩ ភ្លើងឆេះព្រៃសរុបកើនដល់ ៨៧,២៥៧ករណី ដែលអាចនិយាបានថា វាកើនឡើងលើសតួលេខឆ្នាំ២០១៨ ជិត ១០០ដងទៅហើយ។ យ៉ាងណាក៏ដោយក្រសួងការពារជាតិប្រេស៊ីលបានអះអាងថា ភ្លើងឆេះព្រៃគឺស្ថិតនៅក្នុងការគ្រប់គ្រង ហើយអាជ្ញាធរប្រេស៊ីលក៏បានរិះគន់ចំពោះសារព័ត៌មានមួយចំនួន និងអ្នកលេងបណ្តាញសង្គមផងដែរ ដែលបានចែកចាយរូបភាពមិនពិត និងរូបភាពភ្លើងឆេះព្រៃកាលពីឆ្នាំមុនៗ ដែលធ្វើឲ្យស្ថានការណ៍ពេលនេះ មើលទៅអាក្រក់ខុសពីការពិត៕