(អាមេរិក)៖ ករណីបាញ់ប្រហារមួយបានផ្ទុះឡើង នៅក្នុងកម្មវិធីប្រកួតកីឡាបាល់ឱបរវាងសិស្សសាលានៅក្នុងទីក្រុងម៉ូបាល (Mobile) នៃរដ្ឋអាឡាបាម៉ា (Alabama) សហរដ្ឋអាមេរិក និងបានបង្កឲ្យមនុស្ស ១០នាក់រងរបួស។ នេះបើតាមការចេញផ្សាយដោយ Sputnik នារសៀលថ្ងៃសៅរ៍ ទី៣១ ខែសីហា ឆ្នាំ២០១៩។
ការបាញ់ប្រហារខាងលើនេះបានកើតឡើង នៅក្នុងកីឡាដ្ឋានមួយកន្លែងក្នុងទីក្រុង Mobile កាលពីវេលាយប់ថ្ងៃសុក្រ (ពេលវេលានៅវ៉ាស៊ីនតោន)។ ក្រោយហេតុការណ៍នោះក្មេងជំទង់ៗអាយុចន្លោះពី ១៥-១៨ឆ្នាំបានទទួលរងរបួស និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ដោយឡែកមេបញ្ជាការប៉ូលិសប្រចាំទីក្រុង Mobile នៃរដ្ឋ Alabama លោក ឡរ៉េនស៍ ប៊ែតធីស (Lawerence Battiste) បានបង្ហាញការហួសចិត្តយ៉ាងដូច្នេះថា «ហេតុអ្វីបានជាក្មេងៗទាំងឡាយ បង្កអំពើហិង្សានៅក្នុងព្រឹត្តិការណ៍ជាសាធារណៈបែបនេះ?»
គួរបញ្ជាក់ថា បើតាមសាក្សីដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែក ការបាញ់ប្រហារបានកើតមានឡើង នៅក្រោយបញ្ចប់ការប្រកួតបន្តិច ដោយគេបានលឺសំឡេងគ្រាប់កាំភ្លើងជាច្រើនគ្រាប់ ហើយប៉ូលិសកំពុងតាមដានរកជនសង្ស័យ ដែលបានបង្ករឿងនេះឡើយ។ វាជាការប្រកួតបាល់ឱបរវាងសិស្សវិទ្យាល័យ លែហ្វឡ័រ (Leflore) និងវិទ្យាល័យវីលៀមសុន (Williamson) ដែលជាលទ្ធផលនោះគឺសិស្សវិទ្យាល័យ Williamson ទទួលបានជ័យជម្នះដោយគ្រាប់បាល់ ១០ ទល់នឹង ០៕