(វ៉ាស៊ីនតោន)៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា ទីប្រឹក្សាសន្តិសុខជាតិអាមេរិកដ៏ល្បីឈ្មោះលោក ចន បូលតុន (John Bolton) ត្រូវបានគេហាមឃាត់មិនឲ្យចូលរួមតុពិភាក្សា នៅដំណើរការចរចារវាងអាមរិក និងក្រុមតាលីបង់ដែលកំពុងបន្តនោះឡើយ ដោយហេតុថាគោលជំហររបស់លោក មិនត្រូវរ៉ូវជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ នោះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នារសៀលថ្ងៃសៅរ៍ ទី៣១ ខែសីហា ឆ្នាំ២០១៩។
យោងតាមប្រភពព័ត៌មានដែលដកស្រង់ដោយ The Washington Post បានឲ្យដឹងថា ការប្រឆាំងរបស់លោក Bolton ចំពោះកិច្ចប្រឹងប្រែងការទូតជាមួយក្រុមតាលីបង់ បានធ្វើឱ្យលោកប្រធានាធិបតី ត្រាំ មានការធុញទ្រាន់ជាខ្លាំង និងបានដាក់លោក ឲ្យនៅក្រៅក្របខ័ណ្ឌកិច្ចពិភាក្សាគ្នា ទាក់ទងនឹងអនាគតប្រទេសអាហ្វហ្គានីស្ថានទៀតផង។ រឿងនេះកើតឡើងបន្ទាប់ពីលោក ត្រាំ បានប្រកាសថា លោកមានបំណងចង់ដកកងទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថានវិញ ដោយបន្ថយមកនៅត្រឹម ៨,៦០០នាក់ប៉ុណ្ណោះ ខណៈលោក បូលតុន វិញត្រូវបានគេរាយការណ៍ថា លោកគឺមិនគាំទ្រចំពោះដំណោះស្រាយនេះឡើយ។
កាសែត Washington Post បានស្រង់សំដីមន្រ្តីអាមេរិកម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះយ៉ាងដូច្នេះទៀតថា «លោក Bolton បានអំពាវនាវឲ្យបង្កើនចំនួនយោធាបន្ថែម នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ ប្រការនេះគឺវាប្រឆាំងនឹងគោលគំនិតរបស់លោក ត្រាំ ដែលចង់ដកទ័ពចេញពីប្រទេសនោះ។ លើសពីនោះលោកក៏បានប្រឆាំងនឹង កិច្ចប្រឹងប្រែងរបស់លោកប្រធានាធិបតី ក្នុងការចរចាជាមួយកូរ៉េខាងជើង ព្រមទាំងករណីប្រទេសអ៊ីរ៉ង់ផងដែរ»។
គួជម្រាបថា កិច្ចចរចាលើកទី ៩ រវាងសហរដ្ឋអាមេរិក និងក្រុមចលនាតាលីបង់ ដែលកំពុងប្រព្រឹត្តទៅនៅរាជធានីដូហារបស់ប្រទេសកាតា បានឈានដល់ថ្ងៃទី ៩ ហើយ នៅថ្ងៃសុក្រម្សិលមិញនេះ។ ភាគីនានាបាន និងកំពុងចរចាអំពីកិច្ចព្រមព្រៀងដ៏មានសក្តានុពលមួយ ដែលអំពាវនាវឱ្យមានការដកកម្លាំងទាហានអាមេរិក ចេញពីទឹកដីអាហ្វហ្គានីស្ថាន ជាថ្នូរនឹងការធានាសន្តិភាពក្នុងប្រទេសអាហ្វហ្គានីស្ថាន។
ទោះជាយ៉ាងណា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះលោក ត្រាំ បានប្តេជ្ញាថា នឹងកាត់បន្ថយចំនួនកងទ័ពអាមេរិកឲ្យនៅត្រឹមតែ ៨.៦០០នាក់បានហើយ សម្រាប់ប្រចាំការនៅអាហ្វហ្គានីស្ថាន ដោយលោកមិនគិតពីលទ្ធផលនៃកិច្ចពិភាក្សានេះថានឹងចេញមកបែបណានោះទេ ខណៈបច្ចុប្បន្នចំនួនកងទ័ពអាមេរិកសរុប នៅអាហ្វហ្គានីស្ថានមានចំនួនរហូតដល់ ១៤,០០០នាក់។ គោលដៅធំបំផុតរបស់លោក ត្រាំ ទំនងជាការកាត់បន្ថយការចំណាយថវិកាជាតិ ស្របតាមគោលនយោបាយរបស់លោក៕