(កៀវ)៖ ឯកអគ្គរដ្ឋទូតចិនប្រចាំអ៊ុយក្រែនលោក ឌូ វៃ (Du Wei) បាននិយាយថា ការចោទប្រកាន់របស់ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក ចន បូលតុន (John Bolton) ដែលថា ទីក្រុងប៉េកាំងបានលួចបច្ចេកវិទ្យាយោធាពីទីក្រុងវ៉ាស៊ីនតោន គឺជាការបង្ខូចមុខមាត់ចិនសុទ្ធសាធ។ នេះបើតាមការដកស្រង់ការផ្សាយចេញ ពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី៣១ ខែសីហា ឆ្នាំ២០១៩។
លោក Du បានបញ្ចេញប្រតិកម្មបែបនេះបន្ទាប់ពីលោក Bolton កាលពីថ្ងៃពុធសប្តាហ៍នេះ កំឡុងដំណើរបំពេញទស្សនកិច្ចនៅអ៊ុយក្រែន បានចោទប្រកាន់ទៅលើចិនថា បានលួចចម្លងបច្ចេកវិទ្យាយន្តហោះចម្បាំងអាមេរិក F-35។ គ្រានោះលោក Bolton បានអះអាងថា យន្តហោះចម្បាំងជំនាន់ថ្មីបំផុតរបស់ចិន គឺមានរូបរាងដូច F-35 បេះបិត ប៉ុន្តែលោកមិនបានបញ្ជាក់ឲ្យចំៗនោះឡើយថា យន្តហោះចម្បាំងចិនស៊េរីមួយណា។
យ៉ាងណាមិញបើក្រឡេកទៅលើយន្តហោះចម្បាំងស៊េរីថ្មីចុងក្រោយគេរបស់ចិន J-20 វិញគឺវាមានទំហំធំជាងហើយមានម៉ាស៊ីនពីរ ខណៈនៅផ្នែកខាងមុខរបស់វា គឺមានកូនស្លាបពីរទៀត។ និយាយរួមទៅ យន្តហោះចម្បាំងចិននេះ ដូចទៅនឹងយន្តហោះចម្បាំង F-35 របស់អាមេរិក ត្រង់វាមានសមត្ថភាពបំបាំងកាយ និងជាយន្តហោះចម្បាំងជំនាន់ទី ០៥ដូចគ្នាប៉ុណ្ណោះ ប៉ុន្តែត្រង់លក្ខណៈសម្បត្តិ និងរូបរាងជារួមវិញនោះ គឺមិនដូចនោះឡើយ៕