(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា គម្រោងដំឡើងពន្ធលើទំនិញចិន នឹងមិនលុបចោលវិញឡើយ ហើយសហរដ្ឋអាមេរិកនឹងទទួលជ័យជម្នះ ក្នុងសង្រ្គាមពន្ធជាមួយចិន។ ដោយឡែក លោក ត្រាំ បានបញ្ជាក់ថា កិច្ចចរចាពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលគ្រោងប្រព្រឹត្តទៅនៅក្នុងខែកញ្ញា មិនត្រូវបានលុបចោលនោះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី៣១ ខែសីហា ឆ្នាំ២០១៩។
បើតាមលោក ដូណាល់ ត្រាំ ទោះគម្រោងដំឡើងពន្ធនឹងត្រូវអនុវត្តតាមអ្វីដែលបានកំណត់ក៏ដោយ ក្រុមមន្រ្តីអាមេរិកនិងចិន កំពុងតែបន្តពិភាក្សាគ្នាដដែលជុំវិញបញ្ហាពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ថ្មីៗនេះ រដ្ឋបាលលោក ត្រាំ បានប្រកាសជាផ្លូវការនូវការសម្រេចចិត្តនឹងដំឡើងពន្ធដល់អត្រា១៥ភាគរយលើទំនិញចិនទំហំ៣០០ពាន់លានដុល្លារ ដោយក្នុងនោះពាក់កណ្តាលនឹងត្រូវចាប់ផ្តើមអនុវត្តនៅថ្ងៃទី០១ ខែកញ្ញា និងពាក់កណ្តាលទៀត ត្រូវបានពន្យារទៅដល់ថ្ងៃទី១៥ ខែធ្នូ។
បន្ថែមពីលើនេះ អាមេរិកក៏នឹងដំឡើងពន្ធដល់អត្រា៣០ភាគរយ លើទំនិញចិនទំហំ២៥០ពាន់លានដុល្លារផ្សេងទៀតផងដែរ ដែលនឹងត្រូវអនុវត្តនៅថ្ងៃទី១០ ខែតុលា។ ជាមួយគ្នានេះ ចិនបានប្រកាសដំឡើងពន្ធលើទំនិញអាមេរិកទំហំ៧៥ពាន់លានដុល្លារវិញដែលនឹងត្រូវអនុវត្តជាពីរកញ្ចប់ដាច់ដោយឡែកពីគ្នា ដូចការដំឡើងពន្ធរបស់អាមេរិក លើទំនិញទំហំ៣០០ពាន់លានដុល្លាររបស់ចិនដែរ។
សម្រាប់មុខ ទំនិញអាមេរិក ដែលស្ថិតក្នុងកញ្ចប់ទីមួយ នឹងត្រូវដំឡើងពន្ធនៅថ្ងៃទី០១ ខែកញ្ញា ក្នុងអត្រា១០ ភាគរយ ខណៈការដំឡើងពន្ធលើទំនិញអាមេរិក ដែលស្ថិតក្នុងកញ្ចប់ទីពីរ នឹងអនុវត្តនៅថ្ងៃទី១៥ ខែធ្នូ ក្នុងអត្រា០៥ភាគរយ។ ទន្ទឹមនឹងនេះ ចិនបានសម្រេចបន្តឡើងវិញនូវគម្រោងដំឡើងពន្ធ ២៥ភាគរយលើរថយន្តអាមេរិក និង០៥ភាគរយលើគ្រឿងបន្លាស់ថែមទៀតផង នៅថ្ងៃទី១៥ ខែធ្នូ បន្ទាប់ពីគម្រោងនេះត្រូវបានផ្អាកមួយរយៈ៕
គួរជម្រាបថា លោក ដូណាល់ ត្រាំ បានបញ្ជាក់ពីការមិនប្រែប្រួលនៃគម្រោងដំឡើងពន្ធថ្មី របស់រដ្ឋបាលលោកលើទំនិញចិន បន្ទាប់ពីក្រុមហ៊ុនអាមេរិក បានទទូចឲ្យលោកលុបផែនការនេះចោលវិញ ព្រោះវានឹងធ្វើឲ្យពួកគេខាតបង់ ហើយអ្នកជំនាញជាច្រើន ក៏បានព្រមានពីផលវិបាកដែលនឹងកើតមានចំពោះប្រជាជនអាមេរិក ជាពិសេសអ្នកដែលមានចំណូលទាប និងអ្នកជំនួញនាំចូលរបស់អាមេរិកផងដែរ៕