(កូឡាឡាំពួរ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកបណ្ឌិត មហាធា មហាម៉ាត់ (Mahathir Mohamad) និងភរិយា នៅសប្តាហ៍ក្រោយនេះនឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩។ ការអញ្ជើញបំពេញទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនៅកម្ពុជា តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោក មហាធៀ ម៉ូហាម៉ាដ (Mahathir Mohamad) អ្នកនយោបាយជនជាតិម៉ាឡេស៊ី បានស្បថចូលកាន់តំណែងជាផ្លូវការនៅវិមាន អ៊ីស្តាណា ណេហ្គារ៉ា (Istana Negara) ជានាយករដ្ឋមន្ត្រីទី០៧ របស់ម៉ាឡេស៊ី បន្ទាប់ពីទទួលបានជោគជ័យនៅក្នុងព្រឹត្តិការណ៍បោះឆ្នោត កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨កន្លងទៅនេះ ដោយបានផ្តួលគណបក្សរបស់អតីតនាយករដ្ឋមន្ត្រីលោក ណាជីប រ៉ាហ្សាក់។
ឆ្លៀតឱកាសនេះសូមបង្ហាញពីជីវប្រវត្តិនៃនាយករដ្ឋមន្ត្រីរូបនេះដូចខាងក្រោម៖
* នាយករដ្ឋមន្ត្រីទី៧ របស់ប្រទេស ម៉ាឡេស៊ី៖ ចាប់ពីថ្ងៃទី១០ ឧសភា ២០១៨ ដល់បច្ចុប្បន្ន
* អគ្គលេខាធិការទី២១ នៃចលនាមិនចូលបក្សសម្ព័ន្ធ៖ ចាប់ពីថ្ងៃទី២០ កុម្ភៈ ២០០៣ ដល់ ៣១តុលា ២០០៣
* ឧបនាយករដ្ឋមន្ត្រីទី០៤ របស់ម៉ាឡេស៊ី៖ ចាប់ពីថ្ងៃទី០៥ មីនា ១៩៧៦ ដល់ថ្ងៃទី១៦ កក្កដា ១៩៨១
* រដ្ឋមន្ត្រីហិរញ្ញវត្ថុ៖ ចាប់ពីថ្ងៃទី០៥ ខែមិថុនា ២០០១ ដល់ថ្ងៃទី៣១ តុលា ២០០៣
* រដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុង៖ ចាប់ពីថ្ងៃ០៨ ឧសភា ១៩៨៦ ដល់ថ្ងៃទី០៨ មករា ១៩៩៩
* រដ្ឋមន្ត្រីក្រសួងការពារជាតិ៖ ចាប់ពីថ្ងៃទី១៨ កក្កដា ១៩៨១ ដល់ថ្ងៃទី០៦ ឧសភា ១៩៨៦
* រដ្ឋមន្ត្រីក្រសួងពាណិជ្ចកម្ម និងឧស្សាហកម្ម៖ ចាប់ពីថ្ងៃទី០១ មករា ១៩៧៨ ដល់ថ្ងៃទី១៦ កក្កដា ១៩៨១
* រដ្ឋមន្ត្រីក្រសួងអប់រំ៖ ចាប់ពីថ្ងៃទី០៥ កញ្ញា ១៩៧៤ ដល់ថ្ងៃទី៣១ ធ្នូ ១៩៧៧
* ឈ្មោះពេញ៖ Mahathir bin Mohamad
* ថ្ងៃខែឆ្នាំកំណើត៖ ថ្ងៃទី១០ ខែកក្កដា ១៩២៥ (វ័យ៩៤ឆ្នាំ)
* បក្សនយោបាយ៖ គណបក្ស PPBM-Pakatan Harapan (ចាប់ឆ្នាំ២០១៦ ដល់បច្ចុប្បន្ន) និងបក្ស UMNO-Barisan Nasional (ចាប់ពីឆ្នាំ១៩៤៦ដល់២០១៦)
* ភរិយា៖ លោកស្រី Siti Hasmah
* កូន៖ ៧នាក់
១៖ ប្រវត្តិតស៊ូពីកុមារភាព
លោក មហាធៀ បានកើតក្នុងផ្ទះឈើនៃគ្រួសារមួយ ដែលស្ថិតនៅ ក្នុងទីក្រុង Alor Setar នៃរដ្ឋ Kedah ក្នុងដែនដីម៉ាឡេ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៩២៥កន្លងទៅនេះ ក្នុងនាមជាកូនពៅគេ ក្នុងចំណោមបងប្អូន ៩នាក់។ លោកមានឈ្មោះហៅក្រៅថា Cek Det។ លោកមិនបានកើតនៅក្នុងវណ្ណៈអភិជន ឬក្រុមគ្រួសារសាសនា ឬអ្នកនយោបាយ លេចធ្លោទេ។ ឪពុករបស់ ម៉ាហាធៀ ជានាយកសាលាដែលមានស្ថានភាពសេដ្ឋកិច្ចទាប សូម្បីកូនស្រីបង្កើតរបស់លោក ក៏មិនអាចមានលទ្ធភាពចុះឈ្មោះចូលរៀនបានផង។ នៅពេលចូលរៀន កុមារ មហាធៀ ជាក្មេងដែលប្រឹងប្រែងក្នុងការសិក្សាជាខ្លាំង។ បទវិន័យរបស់ឪពុក ជម្រុញឱ្យកុមាររូបនេះមានកម្លាំងចិត្តរៀនសូត្រ និងមានការចាប់អារម្មណ៍ខ្លះៗទៅលើវិស័យកីឡា។
មហាធៀ ចាប់ផ្ដើមចូលរៀនថ្នាក់បឋមនៅសាលា Seberang Perak Malay សម្រាប់ក្មេងប្រុសក្នុងឆ្នាំ១៩៣០ ហើយសិក្សានៅទីនោះរយៈពេលពីរឆ្នាំ។ ដោយភាពប្រឹងប្រែង មហាធៀ បានក្លាយជាសិស្សពូកែ និងមានភាពស្ទាត់ជំនាញផ្នែកភាសាអង់គ្លេស។ ខណៈដែលសាលារៀនត្រូវបិទទ្វារ ដោយសារជប៉ុនឈ្លានពានក្នុងសម័យសង្គ្រាមលោកលើកទីពីរ មហាធៀ បានប្រកបអាជីវកម្ម ដោយការលក់កាហ្វេ និងចេកបំពង ព្រមទាំងអាហារសម្រន់ផ្សេងៗ។ បន្ទាប់ពីសង្គ្រាមបានបញ្ចប់ទៅ មហាធៀ ក៏បន្តការសិក្សាថ្នាក់មធ្យមសិក្សា ដោយបញ្ចប់ការប្រឡងជាន់ខ្ពស់ក្នុងខែធ្នូ ឆ្នាំ១៩៤៦ និងចូលសិក្សាផ្នែកឱសថ នៅសាលា King Edward VII ក្នុងប្រទេស សិង្ហបុរី (បច្ចុប្បន្នជាផ្នែកមួយនៃសកលវិទ្យាល័យសិង្ហបុរី)។
នៅទីនោះហើយ ដែល មហាធៀ បានជួបភរិយារបស់លោកនាពេលបច្ចុប្បន្ន គឺអ្នកនាង Siti Hasmah Mohamad Ali ដែលសិក្សាផ្នែកឱសថដូចគ្នា។ បន្ទាប់ពីបញ្ចប់ការសិក្សា លោក មហាធៀ បានធ្វើការជាវេជ្ជបណ្ឌិត ដែលបម្រើសេវាកម្មសម្រាប់រដ្ឋាភិបាល ហើយបានរៀបការក្នុងឆ្នាំ១៩៥៦។ លោកបានវិលត្រឡប់ទៅស្រុកកំណើត ដោយបើកគ្លីនិកកាន់កាប់ដោយខ្លួនឯង។ លោកទទួលបានជោគជ័យជាខ្លាំងក្នុងមុខរបរនេះ ដោយបានក្លាយជាវេជ្ជបណ្ឌិតដ៏ជំនាញតែម្នាក់ប្រចាំនៅទីនោះ ដែលអាចឱ្យលោកមានលទ្ធភាពសាងសង់ផ្ទះយ៉ាងធំ ព្រមទាំងវិនិយោគលើមុខរបរជាច្រើន។ ស្វាមីភរិយាទាំងពីរ មានកូនដំបូងក្នុងឆ្នាំ១៩៥៧ ដោយមានឈ្មោះថា Marina ក្រោយមកក៏មានកូនបីនាក់ និងសុំកូនមកចិញ្ចឹមបីនាក់ផ្សេងទៀត។
២៖ ការប្រឡូកក្នុងវិស័យនយោបាយ៖
លោកបានក្លាយជាសមាជិកសភានៃប្រទេសម៉ាឡេស៊ី សម្រាប់មណ្ឌលបោះឆ្នោតឡាំងកាវ៉ា នៅកេដាដា។ ក្នុងឆ្នាំ១៩៧៦ លោកបានតែងតាំងធ្វើជា ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ រហូតដល់ឆ្នាំ១៩៨១ បន្ទាប់ពីលោក ហូសែន អន (Hussein Onn) ប្រកាសលាលែងពីដំណែង លោក មហាធៀ ស្បថចូលកាន់ដំណែងជានាយករដ្ឋមន្ត្រីទីបួន របស់ប្រទេស ម៉ាឡេស៊ី រហូតដល់ឆ្នាំ២០០៣ ដែលធ្វើឱ្យលោកក្លាយជាអ្នកកាន់តំណែងនេះយូរជាងគេនៅប្រទេស ម៉ាឡេស៊ី។ អាជីពនយោបាយរបស់លោក មហាធៀ មានរយៈពេលជាង៧០ឆ្នាំ រាប់ចាប់តាំងពីលោកបានចូលរួមជាលើកដំបូងជាមួយ គណបក្ស UMNO ដែលទើបបង្កើតថ្មីនៅឆ្នាំ១៩៤៦ ក្រោយមកទើបលោកបង្កើតគណបក្សផ្ទាល់ខ្លួន គឺគណបក្ស Parti Pribumi Bersatu Malaysia (គណបក្សជនជាតិភាគតិចម៉ាឡេស៊ី) ក្នុងឆ្នាំ២០១៦។
ក្នុងអំឡុងពេល លោកកាន់តំណែងជានាយករដ្ឋមន្ត្រីលើកទីមួយ លោកបានធ្វើឱ្យប្រទេស ម៉ាឡេស៊ី ទទួលនូវបទពិសោធន៍នៃការធ្វើទំនើបកម្ម និងកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ហើយរដ្ឋាភិបាលរបស់លោកបានផ្ដួចផ្ដើមគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន។ លោកគឺជាឥស្សរជននយោបាយដ៏លេចធ្លោម្នាក់ ដែលបានឈ្នះការបោះឆ្នោតសកល ជាប់ៗគ្នាចំនួនប្រាំលើក និងយកឈ្នះលើគូប្រជែងជាបន្តបន្ទាប់ ក្នុងនាមជាមេដឹកនាំបក្ស UMNO។ ទោះជាយ៉ាងណាក៏ដោយការប្រមូលផ្ដុំអំណាចក្នុងរយៈពេលដ៏យូរ នៃការកាន់អំណាចរបស់លោក បានធ្វើឱ្យប្រព័ន្ធតុលាការបាត់បង់ឯករាជ្យ និងបង្កើតជាអំណាចបែបប្រពៃណីលេចឡើងក្នុងប្រទេស ម៉ាឡេស៊ី។
បន្ទាប់ពីចុះចេញពីដំណែងជានាយករដ្ឋមន្ត្រី លោក មហាធៀ បានក្លាយជាអ្នករិះគន់ដ៏សកម្មម្នាក់ ទៅលើនៃនាយករដ្ឋមន្រ្តីដែលស្នងតំណែងបន្តពីលោក គឺលោក អាប់ដុល្លាហ អាម៉ាដ បាដាវី (Abdullah Ahmad Badawi) និងលោក ណាជីប រ៉ាហ្សាក់ (Najib Razak)។ នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ លោក មហាធៀ បានចាកចេញពីបក្ស UMNO ដោយយល់ថា បក្សនេះបានបង្ហាញការគាំទ្រចំពោះសកម្មភាពរបស់នាយករដ្ឋមន្ត្រី ណាជីប រ៉ាហ្សាក់។ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ គណបក្សជនជាតិដើមភាគតិចម៉ាឡេស៊ី ត្រូវបានចុះបញ្ជីជាគណបក្សនយោបាយជាផ្លូវការ ដោយមានលោកផ្ទាល់ជាប្រធាន។ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ លោកត្រូវបានប្រកាសថា ជាបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោតសកលឆ្នាំ២០១៨។
បន្ទាប់ពីជ័យជម្នះក្នុងការបោះឆ្នោតឆ្នាំ២០១៨ លោក មហាធៀ បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនៅយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ ក្នុងវ័យ៩៣ឆ្នាំ ធ្វើឱ្យលោកក្លាយជាមេដឹកនាំដែលមានវ័យចំណាស់ជាងគេលើពិភពលោក។ លោកក៏ជានាយករដ្ឋមន្ត្រីដំបូងគេនៅម៉ាឡេស៊ី ដែលធ្លាប់កាន់គណបក្សពីរផ្សេងគ្នា៕