(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ប្រទេសលោកមិនមានពាក់ព័ន្ធអ្វីជាមួយភាពបរាជ័យ នៃការបាញ់បង្ហោះផ្កាយរណបនាពេលថ្មីៗនេះរបស់អ៊ីរ៉ង់ឡើយ ប៉ុន្តែទីក្រុងតេហេរ៉ង់មិនបានចោទប្រកាន់លើទីក្រុងវ៉ាស៊ីនតោន ឬមួយក៏ភាគីដទៃនោះទេ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី RT នៅព្រឹកថ្ងៃសៅរ៍ ទី៣១ ខែសីហា ឆ្នាំ២០១៩។
ទោះមិនមានការទម្លាក់កំហុសពីអ៊ីរ៉ង់ក៏ដោយ នាថ្ងៃសុក្រសប្តាហ៍នេះ លោក ត្រាំ បានបង្ហោះសារមួយនៅលើបណ្តាញសង្គម Twitter ថា ទីក្រុងវ៉ាស៊ីនតោនមិនជាប់ទាក់ទងករណីនេះឡើយ ហើយជូនពរឲ្យទីក្រុងតេហេរ៉ង់នឹងស្វែងរកមូលហេតុឃើញថា វាបណ្តាលមកពីបញ្ហាអ្វី។
គួរជម្រាបថា កាលពីថ្ងៃព្រហស្បតិ៍ មន្រ្តីអ៊ីរ៉ង់ម្នាក់បានទទួលស្គាល់ថា ពិតជាមានករណីផ្ទុះគ្រាប់រ៉ុក្កែត កំឡុងពេលត្រៀមបង្ហោះ ផ្កាយរណបប្រាកដមែន ដែលវាទំនងជាបង្កឡើងដោយបញ្ហាបច្ចេកទេស។ យ៉ាងណាមិញ ទីក្រុងតេហេរ៉ង់ ពុំបានទម្លាក់កំហុស មកលើទីក្រុងវ៉ាស៊ីនតោនឡើយ បើទោះបីជាប្រទេសទាំងពីរកំពុងមានភាពតានតឹងនឹងគ្នាក៏ដោយ។
ហេតុនេះហើយធ្វើឲ្យការ ចេញមុខបដិសេធរបស់លោក ត្រាំ ថា សហរដ្ឋអាមេរិកគ្មានជាប់ពាក់ព័ន្ធ គឺជាទង្វើគួរឲ្យសង្ស័យ។ ប៉ុន្តែ តាមពិតទៅ លោក ត្រាំ ក៏អាចសម្រេចចិត្តប្រកែកបែបនេះជាមុនឲ្យហើយ ដើម្បីកុំឲ្យអ៊ីរ៉ង់ចោទប្រកាន់ទាន់ផងដែរ ដោយសម្អាង លើភាពតានតឹងរវាងប្រទេសទាំងពីរ៕