Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចំនួនអ្នកស្លាប់ដោយសារជំងឺឆ្លងអេបូឡានៅប្រទេស «កុងហ្គោ» កើនដល់ជាង២,០០០នាក់ហើយ

31-08-2019 09:09

(អាហ្រ្វិក)៖ តួលេខនៃចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡា នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដែលស្ថិតនៅតំបន់ អាហ្រ្វិកកណ្តាល បានកើនឡើងដល់ ជាង២,០០០នាក់ហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី៣១ ខែសីហា ឆ្នាំ២០១៩។

របាយការណ៍របស់រដ្ឋាភិបាលកុងហ្គោ ដែលចេញផ្សាយនាថ្ងៃសុក្រសប្តាហ៍នេះ បានបង្ហាញថា ចំនួនអ្នកស្លាប់ដោយសារជំងឺឆ្លងដ៏កាចសាហាវខាងលើ បានកើនដល់២,០០៦នាក់ ខណៈករណីឆ្លងសរុបបានកើនដល់៣,០០៤ករណី ហើយវាត្រូវគេចាត់ទុកថា ជាការរីករាលដាលអាក្រក់ជាងគេទីពីរ ក្នុងកំណត់ត្រានៃការឆ្លងវីរុសអេបូឡា។ ករណីឆ្លងកំឡុងឆ្នាំ២០១៣និងឆ្នាំ២០១៦ នៅតាមតំបន់អាហ្រ្វិកខាងលិច គឺជាករណីរីករាលដាលអេបូឡាអាក្រក់ជាងគេបំផុត ដោយមនុស្ស១១,៣០០នាក់បានស្លាប់ នៅក្នុងចំណោមមនុស្ស២៨,០០០នាក់ ដែលបានឆ្លងរោគនេះ។

គួរជម្រាបថា ការរីករាលជំងឺអេបូឡាបច្ចុប្បន្ន គឺជាលើកទី១០ហើយសម្រាប់ប្រទេសកុងហ្គោ បន្ទាប់ពីវាបានផ្ទុះឡើងកាលពី ខែសីហា ឆ្នាំ២០១៨។ មកទល់ពេលនេះ ក្រុមការងារសុខាភិបាលនៅទីនោះ កំពុងបន្តប្រឈមបញ្ហាលំបាកក្នុងការគ្រប់គ្រង ការរីករាលនៃជំងឺ ជាពិសេសនៅតំបន់ភាគខាងកើតប្រទេស ដែលមានលក្ខណៈដាច់ស្រយ៉ាល និងមានជម្លោះអំពើហិង្សា បើទោះជាមានការអភិវឌ្ឍវ៉ាក់សាំង និងការព្យាបាលប្រកបដោយប្រសិទ្ធភាពក្តី៕