(អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្គាន់ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ទីក្រុងអង់ការ៉ាកំពុងចរចា ជាមួយទីក្រុងម៉ូស្គូស្តីពីការចង់ទិញយន្តហោះចម្បាំង Su-57 ប៉ុន្តែរដ្ឋមន្រ្តីការបរទេសតួកគី បានគូសបញ្ជាក់ថា តួកគីនៅមិនទាន់ បោះបង់ចោលឡើយនូវក្តីសង្ឃឹម ដែលថាអាមេរិកប្រហែលអាចពិចារណាឡើងវិញជុំវិញបញ្ហាយន្តហោះចម្បាំង F-35។ នេះបើ តាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី RT នៅយប់ថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០១៩។
នាថ្ងៃសុក្រនេះ បន្ទាប់ពីអ្នកកាសែតសួរថា តើតួកគីនឹងទិញយន្តហោះចម្បាំង Su-57 ពីប្រទេសរុស្ស៊ីដែរឬយ៉ាងណានោះ លោក អឺដូហ្គាន់ បានឆ្លើយតបថា ក្រុមមន្រ្តីពាក់ព័ន្ធរបស់តួកគីកំពុងបន្តជួបពិភាក្សាជាមួយសមភាគីរបស់ពួកគេ ស្តីពីរឿងនេះ។ កាលពី ប៉ុន្មានថ្ងៃមុន លោក អឺដូហ្គាន់ ទើបតែបានពិនិត្យមើលដោយផ្ទាល់លើយន្តហោះចម្បាំង Su-57 នេះ កំឡុងពិព័រណ៍យន្តហោះមួយ នៅក្បែរទីក្រុងម៉ូស្គូ ក្នុងឱកាសបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី។
គួរជម្រាបថា តួកគីបានចាប់ផ្តើមសំឡឹងរកទិញយន្តហោះចម្បាំងពីរុស្ស៊ី ក្រោយពេលដែលសហរដ្ឋអាមេរិក បានសម្រេចចិត្តឈប់ លក់យន្តហោះចម្បាំង F-35 មកឲ្យខ្លួន ព្រោះតែការទិញប្រព័ន្ធការពារដែនអាកាសរុស្ស៊ី S-400។ នាពេលនេះ រុស្ស៊ីកំពុងដឹកជញ្ជួន S-400 ឈុតថ្មីទៀតមកកាន់ទឹកដីតួកគី ខណៈដំណើរការប្រគល់លើកទីមួយ បានបញ្ចប់ទៅកាលពីខែកក្កដា។
យ៉ាងណាក៏ដោយ រដ្ឋមន្រ្តីការបរទេសតួកគី លោក Mevlut Cavusoglu បានគូសបញ្ជាក់ថា ទីក្រុងអង់ការ៉ានៅតែសង្ឃឹមថា អាមេរិកនឹងសម្រេចចិត្តឡើងវិញ ហើយបន្តលក់យន្តហោះចម្បាំង F-35 ឲ្យតួកគី តាមអ្វីដែលបានសន្យាគ្នា នៅក្នុងកិច្ចព្រមព្រៀង និងអនុញ្ញាតឲ្យតួកគីស្ថិតក្នុងភាពជាដៃគូនៃកម្មវិធីអភិវឌ្ឍយន្តហោះចម្បាំងនេះដដែលផងដែរ ប៉ុន្តែបើមិនដូច្នោះទេ តួកគីនឹងគ្មានជម្រើសអ្វីផ្សេងក្រៅតែពីងាកទៅរកប្រទេសដទៃឡើយ៕