(បរទេស)៖ ក្រុមអ្នកជំនាញនៅប្រទេសអូស្រ្តាលី និងជប៉ុនបានលើកឡើងថា ប្រសិនបើអារ៉ាប៊ីសាអូឌីតគឺជាប្រទេសស្តេចប្រេង ចិនគឺជាប្រទេសស្តេចនៃទិន្នន័យឌីជីថល ដែលមិនអាចប្រកែកបាន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០១៩។
យោងតាមការយល់ឃើញរបស់ក្រុមអ្នកជំនាញ នៅក្នុងសង្គមចិនសព្វថ្ងៃ គឺមានលក្ខណៈជឿនលឿនខ្លាំងដាច់គេ បើនិយាយពីសេដ្ឋកិច្ចបែបឌីជីថលរបស់ចិន និងអត្រាការធ្វើអន្តរកម្មលើប្រព័ន្ធឌីជីថលក្នុងមួយថ្ងៃ របស់ប្រជាជនដ៏ច្រើនសម្បើមរបស់ចិន។ តាមរយៈការធ្វើអន្តរកម្មនេះ ក្រុមហ៊ុនអាជីវកម្មនានាអាចទទួលបានទិន្នន័យ ដែលជាវត្ថុដ៏មានតម្លៃក្រៃលែងនាសម័យបច្ចុប្បន្ន។ ពោលគឺវាគឺប្រៀបដូចជាមាស ឬដូចជាប្រេងយ៉ាងដូច្នោះដែរ នៅក្នុងសម័យឌីជីថលនេះ។
និយាយរួមទៅ ប្រសិនបើអារ៉ាប៊ីសាអូឌីតជាស្តេចប្រេង ចិនគឺជាស្តេចទិន្នន័យឌីជីថល ខណៈប្រការនេះហើយទើបធ្វើឲ្យចិន អាចអភិវឌ្ឍបច្ចេកវិទ្យា 5G យ៉ាងឆាច់រហ័សដាច់គេ សូម្បីតែសហរដ្ឋអាមេរិក។ ដោយឡែកគ្រាន់តែនៅក្នុងប្រទេសចិនប៉ុណ្ណោះ មានអ្នកប្រើប្រាស់អ៊ីនធើណែតសរុបរហូតដល់ ៨៥៤លាននាក់ ខណៈការលក់អនឡាញបានកើនឡើងយ៉ាងគំហុក និងច្រើនដាច់ឆ្ងាយពីប្រទេសនានាលើលោក សូម្បីតែអាមេរិក។
គួរជម្រាបថា ក្រុមហ៊ុននាំមុខគេខាងវិស័យបច្ចេកវិទ្យាសេវាជំនាន់ថ្មីបំផុត 5G គឺក្រុមហ៊ុន Huawei របស់ចិន ដែលកំពុងស្ថិតក្រោមសម្ពាធរបស់រដ្ឋាភិបាលអាមេរិក។ យ៉ាងណាមិញ ការដែលអាមេរិកចង់បង្កើតប្រព័ន្ធ 5G ដើម្បីជំនួសក្រុមហ៊ុន Huawei ត្រូវអ្នកវិភាគភាគច្រើនយល់ឃើញថា ជាក្តីស្រមៃដែលមិនអាចសម្រេចបាន ព្រោះទម្រាំចិនដើរដល់មកចំណុច គឺមិនមែនជារឿងងាយស្រួលទាល់តែសោះ៕