(តូក្យូ)៖ ក្រសួងការពារជាតិជប៉ុននៅថ្ងៃសុក្រនេះ បានដាក់សំណើសុំថវិកាជាតិប្រមាណ ៥០.៣ពាន់លានដុល្លារអាមេរិក ដើម្បីជួយដល់ការបញ្ជាទិញយន្តហោះចម្បាំង និងប្រព័ន្ធការពារមីស៊ីលបន្ថែមទៀត ខណៈដែលប្រទេសអាស៊ីខាងកើតមួយនេះ ចាត់ទុកការគំរាមកំហែងពីកូរ៉េខាងជើង រុស្ស៊ី និងចិន បាននិងកំពុងកើនឡើងខ្លាំង។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន CNA នារសៀលថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០១៩។
សំណើកញ្ចប់ថវិកា ៥.៣២ពាន់ពាន់លានយ៉េន ឬស្មើនឹង ៥០.៣ពាន់លានដុល្លារអាមេរិកនេះ គឺជាចំនួនដែលមានការកើនឡើង ១.២ភាគរយ បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំ២០១៨ ហើយវាក៏ជាការកើនឡើងជាលំដាប់ក្នុងរយៈពេល ០៨ឆ្នាំជាប់ៗគ្នាផងដែរ។ ការបង្កើនថវិកា លើវិស័យការពារជាតិនេះ គឺដោយសារជប៉ុននឹងត្រូវចំណាយទិញកញ្ចប់សព្វាវុធថ្លៃៗដូចជា យន្តហោះចម្បាំង F35-B ដែលអាចហោះឡើងជាលក្ខណៈបញ្ឈរចំនួន ០៨គ្រឿង ក៏ដូចជាការអភិវឌ្ឍបន្ថែមលើនាវាពិឃាដពីរគ្រឿងដែលខ្លួនមានស្រាប់ ដើម្បីអាចឲ្យយន្តហោះ F35-B ចុះចតបានជាដើម។
បន្ថែមពីខាងលើនេះទៀត ជប៉ុនក៏នឹងត្រូវបញ្ជាទិញប្រព័ន្ធការពារមីស៊ីល អេជីស អាហ្ស័រ (Aegis Ashore) និងការអភិវឌ្ឍបន្ថែមទៀត នូវយន្តហោះចម្បាំងស៊េរីក្រោយៗផងដែរ ហើយដែលគំរោងទាំងអស់ខាងលើនេះ សុទ្ធតែចំណាយលុយទិញពីសហរដ្ឋអាមេរិក។ បច្ចុប្បន្នបញ្ហាមីស៊ីល-នុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺជាក្តីកង្វល់ធំបំផុតរបស់ជប៉ុន ខណៈការបង្កើនសកម្មភាពរបស់យោធាចិន និងរុស្ស៊ីនៅលើដែនសមុទ្រជុំវិញនោះ ក៏ជប៉ុនមិនអាចមើលរំលងនោះដែរ៕