(វ៉ាស៊ីនតោន)៖ បេក្ខជនប្រធានាធិបតីអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ លោក បេតូ អូរួកេ (Beto O'Rourke) បានលើកឡើងថា ការដំឡើង និងគម្រោងដំឡើងពន្ធ លើផលិតផលនាំចូលពីចិន គឺប្រៀបបានទៅនឹងការដំឡើងលើប្រជាជន និងក្រុមអ្នកជំនួញអាមេរិកដូច្នោះឯង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០១៩។
ការលើកឡើងខាងលើរបស់លោក Beto O'Rourke ធ្វើឡើងនៅក្នុងអត្ថបទមួយចុះផ្សាយ នៅលើគេហទំព័រ Medium នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ លោក Beto បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការដំឡើង និងគម្រោងដំឡើងពន្ធ (របស់រដ្ឋបាលលោក ប្រធានាធិបតី ដូណាល់ ត្រាំ) បាននិងកំពុងធ្វើឱ្យទំនិញនាំចូលឡើងថ្លៃ ប្រាក់ដុល្លារពិបាក ប្រកួតប្រជែងនឹងរូបិយវត្ថុដទៃ ហើយមិនតែប៉ុណ្ណោះវាក៏នឹងធ្វើឱ្យបណ្ដាប្រទេសមួយចំនួន ចាត់វិធានការសងសឹកជាមួយយើងវិញដែរ»។
បេក្ខជនប្រធានាធិបតីរូបនេះបានបន្ថែមទៀតថា គម្រោងដំឡើពន្ធលើផលិតផលចិនមានតម្លៃជាង ៥៥០ពាន់លានដុល្លារ នឹងផ្ដល់ផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាជនអាមេរិក ដែលមានប្រាក់ចំណូលទាប រីឯក្រុមហ៊ុននាំចេញអាមេរិកនឹងជួយផលលំបាកច្រើន។
គួរបញ្ជាក់ថា បើតាមរបាយការណ៍ចុងក្រោយនៃក្រសួងពាណិជ្ជកម្មអាមេរិក ឱនភាពផលិតផល អាមេរិកជាមួយចិនមានរហូតដល់ទៅ ៣០.២ពាន់លានដុល្លារ កាលពីខែមិថុនាកន្លងទៅ បើធៀបទៅនឹងកាលពីខែឧសភាមាន ៣០.១ពាន់លានដុល្លារ។ បើសិនជាសង្គ្រាមពាណិជ្ជកម្ម នៅតែបន្តរវាងប្រទេសទាំងយក្សសេដ្ឋកិច្ចទាំងពីរកាន់តែខ្លាំងនោះ ផលវិបាកមិនមែនកើតឡើងខ្លាំងតែទៅលើចិននោះទេ តែអាមេរិកខ្លួនឯងក៏នឹងរងគ្រោះដោយគេមិនរួចផងដែរ៕