(សាន់ហ្វា្រន់ស៊ីស្កូ)៖ ក្រុមហ៊ុន Apple នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានចែកជូនលិខិត អញ្ជើញសម្រាប់ព្រឹត្តិការណ៍មួយនៅថ្ងៃទី១០ ខែកញ្ញាខាងមុខនេះ រៀបចំឡើងនៅតំបន់ ស៊ីលីខុន វ៉ាឡេយ៍ (Silicon Valley) ជាទីដែលគេរំពឹងថា ក្រុមហ៊ុនយក្សមួយនេះនឹងបញ្ចេញទូរស័ព្ទស៊េរី iPhone 11 ដែលគ្រប់គ្នាពិតជាចង់ដឹងណាស់ថា តើទូរស័ព្ទជំនាន់ថ្មីរបស់ក្រុមហ៊ុនផ្លែប៉ោមអាមេរិកនេះ នឹងមានរូបរាងដូចការបែកធ្លាយកន្លងមកដែរ ឬទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០១៩។
ប៉ុន្តែទន្ទឹមគ្នា ក្រុមហ៊ុន Apple មិនបានបញ្ជាក់អ្វីលម្អិតឡើយពីផែនការនៅក្នុងពិធីខាង លើដែលនឹងត្រូវធ្វើឡើងនៅឯសាលមហោស្រព ស្ទេវ ចបស៍ (Steve Jobs Theater) ស្ថិតនៅទីស្នាក់ការកណ្ដាលរបស់ខ្លួនក្នុងទីក្រុង ឃ្យូភើទីណូ (Cupertino)។
គួរបញ្ជាក់ថា ទូរស័ព្ទដៃស្មាតហ្វូនស៊េរី iPhone 11 ត្រូវបានគេរំពឹងថា នឹងមានកែលម្អមួយចំនួនដូចជា ថាមពលដំណើរការ និងសមត្ថភាពកាមេរ៉ា (អាចមាន៣គ្រាប់) ព្រមទាំងមានរហូតដល់ទៅបីម៉ូដែលគឺ iPhone 11, iPhone 11 Max និងអាចមាន iPhone 11R ផងដែរ។
សម្រាប់រូបរាងវិញ ពួកវាទំនងជានឹងមិនមានការផ្លាស់ប្ដូរទ្រង់ទ្រាយច្រើន ឬក៏មានបំពាក់នូវប្រព័ន្ធ 5G នោះឡើយ ខណៈក្រុមហ៊ុនចិន និងកូរ៉េខាងត្បូងកំពុងនាំមុខគេលើការបំពាក់ប្រព័ន្ធបច្ចេកវិទ្យាមួយនេះ ទៅក្នុងទូរស័ព្ទស៊េរីកំពូលៗរបស់ខ្លួនដូចជា Samsung Galaxy Note 10 Plus 5G និង Huawei Mate 20 X 5G ជាដើម៕