(ដាម៉ាស់)៖ ខេត្តដារ៉ាអា (Daraa) នៅភាគខាងត្បូងប្រទេសស៊ីរី ដែលជាទីកំណើតនៃបដិវត្តន៍ឆ្នាំ២០១១ នៅតែជាកន្លែងពោរពេញដោយភាពវឹកវរ បើទោះបីរដ្ឋាភិបាលទីក្រុងដាម៉ាសបានគ្រប់គ្រងកាន់កាប់វិញ តាំងតែពីពាក់កណ្តាលឆ្នាំ២០១៨ ក៏ដោយ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០១៩។
ខេត្ត Daraa ត្រូវបានរដ្ឋាភិបាលស៊ីរីយកមកវិញ តាមរយៈកិច្ចព្រមព្រៀងមួយកាលពីខែកក្កដា ឆ្នាំ២០១៨ ដែលសម្រេចបានដោយរុស្ស៊ីដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន ដោយក្នុងកិច្ចព្រមព្រៀងនោះបានកំណត់ឲ្យ ក្រុមឧទ្ទាមយល់ព្រមចុះចាញ់។ ប៉ុន្តែរដ្ឋាភិបាលស៊ីរី មិនបានដាក់ពង្រាយកងទ័ពនៅក្នុងខេត្តនេះ ដូចនៅតាមតំបន់ដទៃទៀត ដែលខ្លួនដណ្តើមបានមកវិញឡើយ។ យោងតាមអតីតអ្នកធ្លាប់រស់នៅខេត្ត Daraa កិច្ចព្រមព្រៀងនោះមិនបាននាំមកនូវស្ថិរភាពឡើយ ដោយភាពវឹកវរនៅតែបន្តកើតមាន ដូចជាការបំផ្ទុះគ្រាប់បែក ការផ្ទុះអាវុធ និងករណីធ្វើឃាតយ៉ាងអាថ៌កំបាំងជាដើម ដែលកើនឡើងកាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។
គួរជម្រាបថា ខេត្ត Daraa គឺជាប្រភពកំណើតនៃបដិវត្តន៍ស៊ីរី ដែលបានចាប់ផ្តើមកាលពីឆ្នាំ២០១១ ក្រោយពីក្រុមយុវជនមួយចំនួន ត្រូវបានចាប់ខ្លួនព្រោះតែសកម្មភាពប្រឆាំងរដ្ឋាភិបាល។ ប្រការនេះបានឈានទៅធ្វើឲ្យស៊ីរីធ្លាក់ក្នុងសង្រ្គាមស៊ីវិល ដែលមកទល់បច្ចុប្បន្នរដ្ឋាភិបាលរបស់ប្រធានាធិបតីស៊ីរី លោក បាហ្សា អាល់អាស្សាដ (Bashar al-Assad) បានដណ្តើមទឹកដីប្រហែល ៦០ភាគរយ ពីកណ្តាប់ដែក្រុមឧទ្ទាមយកមកវិញ៕