(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានជួបពិភាក្សាគ្នាជាមួយប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ នៅឯទីក្រុងប៉េកាំង ដោយក្នុងឱកាសនោះមេដឹកនាំទាំងពីរ សុទ្ធតែបានបង្ហាញពីឆន្ទៈចង់រឹតបន្តឹងចំណង ទាក់ទងជាមួយគ្នា។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០១៩។
ជាការស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោក ឌូតឺតេ លោក ស៊ី បានថ្លែងថា នៅក្រោមការដឹកនាំរយៈពេល ០៣ឆ្នាំកន្លងទៅនេះដោយរដ្ឋបាលរបស់លោក ឌូតឺតេ ហ្វីលីពីនបានផ្សាភ្ជាប់ទំនាក់ទំនងយ៉ាងល្អជាមួយចិន។ លោក ស៊ី បានបញ្ជាក់ថា លោករីករាយជានិច្ចនឹងសហការជាមួយ លោក ឌូតឺតេ ដើម្បីបន្តអភិវឌ្ឍន៍ចំណងទាក់ទងទ្វេភាគីរបស់ប្រទេសទាំងពីរ។
ពាក់ព័ន្ធបញ្ហាសមុទ្រចិនខាងត្បូង លោកប្រធានាធិបតីចិនបានលើកឡើងថា ប្រទេសចិននិងហ្វីលីពីនបានរក្សាទំនាក់ទំនងរវាងគ្នា ប្រកបដោយប្រសិទ្ធភាព។ លោកបានបន្តថា ភាគីទាំងពីរគួរតែទុកជម្លោះមួយឡែក ហើយកម្ចាត់ចោលនូវការជ្រៀតជ្រែកពីខាងក្រៅ រួចផ្តោតលើកការបង្កើតកិច្ចសហប្រតិបត្តិការជាមួយគ្នា។
កំឡុងជំនួបជាមួយលោក ស៊ី ជិនពីង លោក ឌូតឺតេ បានសាទរចំពោះខួប ៧០ឆ្នាំនៃទិវាបង្កើតសាធារណរដ្ឋប្រជាមានិតចិន និងសង្កត់ធ្ងន់ថា បទពិសោធន៍នៃការអភិវឌ្ឍ ប្រកបដោយភាពជោគជ័យរបស់ចិន គឺពិតជាមានតម្លៃគួរឲ្យហ្វីលីពីនរៀនសូត្រតាម។ លោក ឌូតឺតេ បាននិយាយថា លោកឲ្យតម្លៃខ្ពស់លើចំណងមិត្តភាពជិតស្និទ្ធជាមួយលោក ស៊ី ហើយលោកបានអរគុណចំពោះការគាំទ្រនានាពីប្រទេសចិន រួមទាំងបញ្ហាសិទ្ធិមនុស្ស និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។ បើតាមលោក ឌូតឺតេ ធាតុពិតជាក់ស្តែងបានបង្ហាញថា ចិនគឺជាមិត្តដែលប្រាកដប្រជា និងស្មោះត្រង់មួយរបស់ហ្វីលីពីន។
គួរជម្រាបថា ដំណើរទស្សនកិច្ចរបស់លោក ឌូតឺតេ នៅប្រទេសចិនលើកនេះ បានចាប់ផ្តើមកាលពីថ្ងៃទី២៨ ខែសីហា ហើយនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី០១ ខែកញ្ញា ដែលប្រព្រឹត្តទៅក្រោមការអញ្ជើញពីលោក ស៊ី ផ្ទាល់ ហើយវាគឺជាដំណើរទស្សនកិច្ចលើកទី ០៥ហើយ របស់មេដឹកនាំហ្វីលីពីនរូបនេះមកកាន់ប្រទេសចិន៕