(ប៉េកាំង)៖ ប្រជាជនចិនបានសាកល្បងទទួលយកបទពិសោធន៍ ក្នុងព្រឹត្តិការណ៍ស្តីពីបច្ចេកវិទ្យារថយន្តបើកបរដោយខ្លួនឯង តាមរយៈការប្រើ បណ្តាញសេវាអ៊ីនធើណែតល្បឿនលឿនបំផុត 5G (5G Self-driving Cars) ដែលរៀបចំឡើងនៅក្រុង ឆុងឈីង (Chongqing) ប្រទេសចិន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០១៩។
ព្រឹត្តិការណ៍ខាងលើបានចាប់ផ្តើមកាលពីថ្ងៃពុធសប្តាហ៍នេះ ដោយមានរយៈពេលសរុប ០២ថ្ងៃ។ ក្នុងអំឡុងព្រឹត្តិការណ៍ផ្តល់បទពិសោធន៍ពាក់ព័ន្ធ 5G Self-driving Cars ប្រជាពលរដ្ឋចិនបានសិក្សាស្វែងយល់អំពីបច្ចេកវិទ្យានេះ តាមរយៈឧបករណ៍ទំនើប VR និង តាមរយៈការបើកបរប្រព័ន្ធកុំព្យូទ័រ ក៏ដូចជាការសាកល្បងបើកបរ និងជិះរថយន្តស្វ័យប្រវត្តិដោយផ្ទាល់តែម្តង។
គួរជម្រាបថា ព្រឹត្តិការណ៍នេះ ស្ថិតក្នុងការតាំងពិព័រណ៌បច្ចេកវិទ្យាឆ្លាតវៃចិនឆ្នាំ២០១៩ ដែលត្រូវបានរៀបចំដោយស្ថាប័នជាច្រើន របស់ប្រទេសចិន និងរដ្ឋបាលក្រុង Chongqing កាលពីថ្ងៃចន្ទសប្តាហ៍នេះ។ បច្ចុប្បន្ននេះប្រទេសចិនកំពុងតែបង្ហាញសក្តានុពលយ៉ាងខ្លាំង នៅលើពិភពលោកក្នុងនាមជាប្រទេសនាំមុខគេលេខ ១ លើការផ្គត់ផ្គង់បណ្តាញសេវាអ៊ីនធើណែត 5G ដែលនឹងជួយជម្រុញសង្វាក់ផលិតកម្មលើគ្រប់វិស័យតែម្តង៕