(ហុងកុង)៖ មេបាតុករក្រុងហុងកុង លោក ចូសហ្វ័រ វ៉ុង (Joshua Wong) ត្រូវបានប៉ូលិសចាប់ខ្លួននៅថ្ងៃសុក្រនេះ មុនបាតុកម្មដែលគ្រោងនឹងធ្វើឡើងជាថ្មី នៅចុងសប្ដាហ៍នេះ តែវាមិនមែនជាលើកទីមួយឡើយដែលមេបាតុករ វ័យក្មេងរូបនេះត្រូវបានប៉ូលិសហុងកុងចាប់ខ្លួន។ នេះបើតាមគណបក្សរបស់លោក ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០១៩។
យោងតាមគណបក្ស ដេម៉ូស៊ីស្តូ (Demosisto) ត្រូវបានប៉ូលិសចាប់បញ្ចូលក្នុងរថយន្ដមួយគ្រឿង ខណៈកំពុងធ្វើដំណើរទៅកាន់ស្ថានីយរថភ្លើង South Horizons MTR។ នៅក្នុងសេចក្ដីថ្លែងការណ៍ដែលត្រូវបានបង្ហោះលើ Twitter គណបក្ស Demosisto បានបញ្ជាក់យ៉ាងដូច្នេះថា «អគ្គលេខាធិការគណបក្សរបស់យើង លោក Joshua Wong ត្រូវបានប៉ូលិសចាប់ខ្លួននៅម៉ោង ៧៖៣០នាទីព្រឹកមិញនេះ កំឡុងពេលដើរទៅកាន់ស្ថានីយរថភ្លើង South Horizons MTR ហើយត្រូវបានគេចាប់បង្ខំបញ្ចូលក្នុងរថយន្ដមួយគ្រឿង»។ ប៉ុន្តែខាងប៉ូលិសក្រុងហុងកុង មិនទាន់ធ្វើអត្ថាធិប្បាយណាមួយឡើយទេ។
គួរជម្រាបថា នេះមិនមែនជាលើកទីមួយឡើយ ដែលលោក Joshua Wong ត្រូវបានប៉ូលិសហុងកុងចាប់ខ្លួន ដោយលោកទើបតែត្រូវបានដោះលែង ឱ្យមានសេរីភាពវិញកាលពីខែមិថុនាកន្លងទៅនេះ ក្រោយជាប់ឃុំអស់រយៈពេលជាង ៥សប្ដាហ៍ ពីបទនិយាយប្រមាថដល់តុលាការ។ ម្យ៉ាងវិញទៀត គោលចម្បងរបស់មេបាតុករវ័យក្មេងរូបនេះគឺ «ប្រជាជនហុងកុង ត្រូវជាអ្នកកំណត់ជោគវាសនារបស់ខ្លួនឯង មិនមែនមន្ត្រីគណបក្សកុម្មុយនីស្ដចិន ជាអ្នកសម្រេចជួសនោះទេ»៕