(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រាប់ថា លោកបានសម្រេចចិត្តលុបចោលគម្រោងបំពេញទស្សនកិច្ច របស់លោកទៅកាន់ប្រទេសប៉ូឡូញ ដោយសារព្រួយបារម្ភអំពីព្យុះហឺរីខិន ដែលកំពុងឆ្ពោះមករករដ្ឋផ្លូរីដា។ នេះបើតាមការចេញ ផ្សាយពីទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០១៩។
លោក ត្រាំ បានប្រកាសបែបនេះនៅឯសេតវិមាន ដោយលោកបានបញ្ជាក់ថា អនុប្រធានាធិបតីអាមេរិក លោក ម៉ៃក៍ ភែន (Mike Pence) នឹង ជាអ្នកធ្វើដំណើរទៅកាន់ប្រទេសប៉ូឡូញជំនួសរូបលោក។ នៅចុងសប្តាហ៍នេះលោក ដូណាល់ ត្រាំ បានគ្រោងនឹងទៅទស្សនកិច្ចនៅប៉ូឡូញ ដើម្បីចូលរួមក្នុងពិធីរំលឹកខួបមួយពាក់ព័ន្ធសង្រ្គាមលោកលើកទីពីរ។
គួរជម្រាបថា បន្ទាប់ពីបានធ្វើដំណើរឆាបដែនដីអាមេរិកនៅតំបន់សមុទ្រការីបៀនគឺ ភើតូរីកូ (Puerto Rico) ព្យុះហឺរីខិនឈ្មោះថា ដូរៀន (Dorian) ត្រូវគេរំពឹងថា នឹងកើនឡើងឥទ្ធិពលដល់កម្រិត Category 4 (Category 5 ជាកម្រិតខ្ពស់បំផុតសម្រាប់ព្យុះហឺរីខិន) នៅពេលដែលវាបោកបក់មកដល់ឆ្នេរភាគខាងកើត នៃរដ្ឋផ្លូរីដារបស់សហរដ្ឋអាមេរិក ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ៕