Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

«គ្មានកន្លែងទំនេរទេ ក្នុងគណៈរដ្ឋមន្ត្រីម៉ាឡេស៊ី», នេះជាការបញ្ជាក់របស់លោក មហាធៀ ឆ្លើយតបទៅនឹង សំណួរផ្ទេរអំណាចឱ្យ លោក Anwar Ibrahim (Video inside)

30-08-2019 09:25

(គូឡាឡាំពួរ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធៀ មហាម៉ាត់ បាននិយាយថាបច្ចុប្បន្នគណៈរដ្ឋមន្ត្រី របស់លោកមិនមានកន្លែងទំនេរនោះទេ ខណៈការផ្ទេរអំណាចឱ្យអនាគតនាយករដ្ឋមន្ត្រីថ្មី លោក Anwar Ibrahim ហាក់ដូចជាកំពុងមានភាពស្រពិចស្រពិល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០១៩។

លោក មហាធៀ មហាម៉ាត់ ធ្វើការកត់សម្គាល់ខាងលើនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ជាការឆ្លើយតបទៅ នឹងសំណួរថាតើពេលណា ទើបលោក Anwar Ibrahim ចូលរួមក្នុងគណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាលចម្រុះ របស់លោក។ ថ្លែងនាឱកាសនោះ នាយករដ្ឋមន្ត្រីវ័យ៩៤ឆ្នាំរូបនេះ បានគូសបញ្ជាក់ដូច្នេះ៖ «បច្ចុប្បន្ន យើង មិនមានការផ្លាស់ប្ដូរ ឬបង្កើនសមាជិកក្នុងជួរគណៈរដ្ឋមន្ត្រីទេ...ហើយស្របពេលដែលគ្មានមន្ត្រីណាម្នាក់ សុំលាលែងពីតំណែង យើងក៏គ្មានកន្លែងទំនេរដែរ។ ប៉ុន្តែ បើសិនជាមានកន្លែងទំនេរ យើងនឹងពិចារណា ស្វែងរកបេក្ខជនសក្តិសមណាម្នាក់មកជំនួស»

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន លោក មហាធៀ មហាម៉ាត់ ធ្លាប់បានលើកឡើងពីលទ្ធភាពនៃការរុះរើ គណៈរដ្ឋមន្ត្រី ប៉ុន្តែលោកបានអះអាងថាវាមិនមែនត្រូវធ្វើឡើងភ្លាមៗនោះទេ។ ម្យ៉ាងវិញទៀត​ លោកផ្ទាល់ ក៏បានធ្លាប់សន្យាដែរថានឹងផ្ទេរអំណាចជានាយករដ្ឋមន្ត្រីឱ្យ លោក Anwar Ibrahim មិនលើសពីរយៈពេល បីឆ្នាំឡើយ រាប់ចាប់ពីលោកឡើងកាន់អំណាចជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីជាថ្មី កាលពីឆ្នាំ២០១៨៕