Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាកាសចរណ៍ Air India ត្រៀមឈប់ប្រើផលិតផលប្លាស្ទិកកំឡុងជើងហោះហើរទៀតហើយ

29-08-2019 21:33

(ញូដេលី)៖ ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា Air India នាថ្ងៃព្រហស្បតិ៍នេះ បានប្រកាសថា ក្រុមហ៊ុននឹងបញ្ឈប់ការប្រើប្រាស់ ផលិតផលប្លាស្ទិកប្រភេទប្រើម្តងរួចបោះចោល នៅកំឡុងជើងហោះហើរទៀតហើយ ដោយជំនួសមកវិញនូវការវេចខ្ចប់ដែលប្រើក្រដាស និងសម-ស្លាបព្រា ដែលធ្វើពីឈើ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០១៩។

យោងតាមការបញ្ជាប់របស់អាកាសចរណ៍ Air India សម្រាប់ដបទឹកប្លាស្ទិកចំណុះ២០០មីលីលីត្រ នឹងជំនួសចេញភ្លាមៗតែម្តង ដោយការផ្តល់នូវដបដែលផ្ទុកបានចំណុះច្រើនជាងមុនគឺ១,៥០០មីលីលីត្រ និងមិនធ្វើពីប្លាស្ទិក។ ចំណែកឯសម ស្លាបព្រា និងកូនកាំបិតជ័រ និងនំក៏ដូចជាចំណីអាហារ ដែលវេចខ្ចប់ដោយប្រើប្លាស្ទិក នឹងត្រូវបញ្ឈប់ការប្រើប្រាស់ចាប់ពីថ្ងៃទី០២ ខែតុលាខាងមុខ ហើយជំនួសមកវិញនូវសម្ភារៈប្រភេទឈើ ខណៈការវេចខ្ចប់ចំណីអាហារគឺប្រើក្រដាស។

គួរជម្រាបថា កាលពីពាក់កណ្តាលខែសីហានេះ នាឱកាសបុណ្យឯករាជ្យជាតិឥណ្ឌា នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានលើកឡើងថា ការលុបបំបាត់ចោលនូវការប្រើប្រាស់ផលិតផលប្លាស្ទិក ប្រភេទប្រើម្តងរួចបោះចោល គឺជាគោលដៅចម្បងមួយ ហើយលោកបានអំពាវនាវឲ្យប្រជាជនឥណ្ឌា រួមគ្នាចូលរួមចំណែកសម្រេចគោលដៅនេះ។

បើតាមតួលេខក្នុងរបាយការណ៍របស់រដ្ឋាភិបាលឥណ្ឌា ក្នុងមួយឆ្នាំៗប្រទេសឥណ្ឌា ផលិតកាកសំណល់ប្លាស្ទិកប្រហែល៥.៦លានតោន។ នៅទីក្រុងម៉ុមបៃ និងញូដេលី ជាដើម សុទ្ធតែមានការហាមឃាត់ លើការប្រើប្រាស់ផលិតផលប្លាស្ទិក ប៉ុន្តែពុំមានការអនុវត្តតឹងរ៉ឹងនោះឡើយ៕