(សៀងហៃ)៖ កំពូលមហាសេដ្ឋីចិនលោក ជែក ម៉ា (Jack Ma) បាននិយាយថា បញ្ញាសិប្បនិមិ្មត (AI) មិនបង្កការគំរាមកំហែងដល់មនុស្សជាតិឡើយ ប៉ុន្តែលោក អេឡុន ម៉ាសក៍ (Elon Musk) ដែលជាស្ថាបនិកក្រុមហ៊ុន SpaceX និង Tesla យល់ថាការលើកឡើងបែបនេះ គ្រាន់តែជាពាក្យបណ្ដាំចុងក្រោយរបស់ មនុស្សល្បីម្នាក់ប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០១៩។
ស្ថាបនិកក្រុមហ៊ុន Alibaba លោក Jack Ma បានគូសបញ្ជាក់ដូច្នេះថា «កុំព្យូទ័រអាចមានភាពឆ្លាតវៃ ប៉ុន្តែវាមិនមែនឆ្លាតជាងមនុស្សនោះទេ... យើងជាអ្នកបង្កើតកុំព្យូទ័រ ហើយមិនមែនកុំព្យូទ័រជាអ្នកបង្កើតយើងនោះទេ។ ដូច្នេះខ្ញុំយល់ថា បញ្ញាសិប្បនិម្មិត ឬ AI មិនបង្កការគំរាមកំហែងដល់យើងឡើយ»។
ប៉ុន្តែលោក Elon Musk យល់ផ្សេងពីលោក Jack Ma ដោយលោកនិយាយថា លោកមិនបានដឹងវាដូចអ្វីដែលមហាសេដ្ឋីចិនរូបនេះនិយាយនោះទេ...។ លោក Musk បន្ថែមដូច្នេះថា «វាអាចជាបណ្ដាំចុងក្រោយរបស់មនុស្សល្បីម្នាក់ដែរ... ជាទូទៅទោះបីជាបញ្ញាសិប្បនិម្មិតឆ្លាតវៃ ឬមានល្បឿនលឿនកម្រិតក៏ដោយ ក៏វាមិនអាចជួយមនុស្សល្ងង់ និងមនុស្សយឺតយ៉ាវបានដែរ... ពោលគឺនិយាយជាមួយកុំព្យូទ័រ ដូចជានិយាយជាមួយដើមឈើមួយដើម»។
គួរបញ្ជាក់ថា ការលើកឡើងរបស់លោក Elon Musk និងលោក Jack Ma ធ្វើឡើងនៅក្នុងការ វេទិកាជជែកដេញដោលមួយ កំឡុងពិធីបើកសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ក្នុងទីក្រុងសៀងហៃ នៃប្រទេសចិននៅថ្ងៃព្រហស្បតិ៍នេះ៕