(តូក្យូ)៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ និងការបាក់ដី ដែលបង្កឡើងដោយភ្លៀងធ្លាក់យ៉ាងគំហុក នៅប្រទេសជប៉ុនបានកើនឡើងដល់ ០៣នាក់ហើយ នៅថ្ងៃព្រហស្បតិ៍នេះ ខណៈអាជ្ញាធរបានជំរុញឲ្យតំបន់នានាបង្កើនការប្រុងប្រយ័ត្ន ទោះបីជាមានការដកបទបញ្ជាជម្លៀសខ្លះក៏ដោយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០១៩។
បើតាមក្រុមមន្រ្តីជប៉ុនបានឲ្យដឹងថា ជនរងគ្រោះម្នាក់ត្រូវបានគេរកឃើញសាកសព នៅក្នុងផ្ទះលិចទឹកមួយនៅក្នុងខេត្តសាហ្គា (Saga) ដោយការធ្វើកោសល្យវិច័យសាកសពបានកំណត់ថា ស្ត្រីជនរងគ្រោះមានអាយុ ៩៦ឆ្នាំរូបនោះ បានស្លាប់ដោយសារលង់ទឹក។ ដោយឡែកជនរងគ្រោះពីរនាក់ផ្សេងទៀត ក៏បានស្លាប់បាត់បង់ជីវិត ក្នុងករណីប្រហាក់ប្រហែលគ្នានេះដែរ នៅក្នុងខេត្តសាហ្គា (Saga ) ភាគនិរតីប្រទេសជប៉ុន និងម្នាក់ទៀតនៅខេត្ត ហ្វូគូអូកា (Fukuoka)។
ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិជប៉ុនបានឱ្យដឹងថា គិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍មនុស្ស ៣៩២.០០០នាក់ត្រូវបានជម្លៀស ទៅរកជម្រកបណ្តោះអាសន្ន ខណៈមនុស្ស ៨៨៤.០០០នាក់ផ្សេងទៀត ស្ថិតនៅក្រោមការណែនាំឲ្យត្រៀមខ្លួនជម្លៀស។
គួរបញ្ជាក់តាមការព្យាករណ៍ថា ភ្លៀងនឹងធ្លាក់ខ្លាំងបន្ថែមទៀត ដែលអាចនឹងវាយប្រហារនៅភាគខាងជើងកោះគ្យូស៊ុ (Kyushu) និងតំបន់ផ្សេងទៀត នៅប៉ុន្មានថ្ងៃខាងមុខទៀត ទោះបីទឹកជំនន់បានស្រកនៅពេលនេះ នៅតាមតំបន់មួយចំនួនក៏ដោយ៕