(បាងកក)៖ តុលាការកំពូលថៃនៅថ្ងៃព្រហស្បតិ៍នេះ បានសម្រេចចិត្តរក្សាទុកជាបានការដដែល នូវសាលក្រមផ្តន្ទាទោសប្រហារជីវិត ពលករអន្តោប្រវេសន៍មីយ៉ាន់ម៉ាពីរនាក់ ក្នុងសំណុំរឿងឃាតកម្មលើភ្ញៀវទេសចរអង់គ្លេសពីរនាក់នៅឯកោះតៅ (Koh Tao) កាលពីឆ្នាំ២០១៤។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០១៩។

ពលករអន្តោប្រវេសន៍មីយ៉ាន់ម៉ាពីរនាក់ ឈ្មោះ សរ លីន (Zaw Lin) និង វីន សរ ទុន (Win Zaw Tun) ត្រូវបានតុលាការថៃរកឃើញថា បានរំលោភរួចសម្លាប់ភ្ញៀវទេសចរ​ជាស្ត្រីអង់គ្លេសម្នាក់​ឈ្មោះ ហាន់ណា វ៉ៃសឺរីក (Hannah Witheridge) មានអាយុ ២៣ឆ្នាំ និងសម្លាប់បុរសម្នាក់ទៀតឈ្មោះ ដេវីដ មាល្លឺ (David Miller) អាយុ ២៤ឆ្នាំ។ សាកសពភ្ញៀវទេសចរអង់គ្លេសទាំងពីរនាក់នេះ ត្រូវគេប្រទះឃើញនៅលើឆ្នេរ​ភាគខាងត្បូងរម្មណីយដ្ឋាននៃ Koh Tao កាលពីខែកញ្ញា ឆ្នាំ២០១៤។

ដោយឡែក ជុំវិញសំណុំរឿងឃាតកម្មធ្វើរញ្ជួយដល់វិស័យទេសចរណ៍ថៃនេះដែរ ក្រុមព្រះរាជ្ញាថៃនៅតែទទូចថា ខ្លួនមានភស្តុតាងគ្រប់គា្រន់បញ្ជាក់ថា Zaw Lin និង Win Zaw Tun គឺជាឃាតក ហើយស្នើឱ្យតុលាការកំពូលរក្សាទុកសាលក្រមផ្តន្ទាទោស របស់តុលាការជាន់ទាបកាលពីឆ្នាំ២០១៧។ តែទោះជាយ៉ាងណាក៏ដោយ មេធាវីការពារក្ដីជនជាប់ចោទទាំង ០២នាក់បានអះអាងថា ភស្តុតាងប្រឆាំងនឹងកូនក្ដីរបស់ខ្លួន គឺមិនអាចទទួលយកបាន និងមិនសមហេតុផលទាល់តែសោះ ហើយម្យ៉ាងវិញទៀតនៅក្នុងការសម្រេចចិត្ត​ ទាត់ចោលការប្ដឹងឧទ្ធរណ៍កាលពីឆ្នាំ២០១៧ បានធ្វើឡើងដោយគ្មានអ្នកបកប្រែ និងមេធាវីការពារក្ដីឡើយ។

គួរបញ្ជាក់ថា ទោសប្រហារជីវិតនៅក្នុងប្រទេសថៃ ត្រូវបានអនុវត្តលើកចុងក្រោយបំផុត នៅឆ្នាំ២០១៨។ ប៉ុន្តែនៅក្នុងសំណុំរឿងឃាតកម្មខាងលើ បើតុលាការកំពូលសម្រេចចិត្តហើយ នោះបុរសមីយ៉ាន់ម៉ាទាំង ០២នាក់ មានភាគរយខ្ពស់ណាស់នឹងត្រូវយកទៅប្រហារជីវិត៕