(ឡុងដ៍)៖ សាស្រ្តាចារ្យម្នាក់មកពីសាកលវិទ្យាល័យអង់គ្លេស ខេមប្រ៊ីច (Cambridge) បាននិយាយថា សហរដ្ឋអាមេរិកមិនអាចអភិវឌ្ឍន៍បណ្តាញបច្ចេកវិទ្យា 5G ដែលអាចជំនួសចិនបានឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០១៩។
សាស្រ្តាចារ្យអង់គ្លេសលោក ភីធើ វីលៀមសុន (Peter Williamson) បានបង្ហាញពីទស្សនៈរបស់លោក ពាក់ព័ន្ធនឹងស្ថានការណ៍រវាងអាមេរិក និងក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនគឺ Huawei នាពេលបច្ចុប្បន្ននេះ។ បើតាមលោក Williamson លទ្ធភាពដែលថា អាមេរិកនឹងបង្កើតបណ្តាញបច្ចេកវិទ្យា 5G ល្បឿនលឿន ដែលអាចជំនួសក្រុមហ៊ុនចិន Huawei នោះគឺជាក្តីស្រមៃដែលមិនអាចសម្រេចបានឡើយ។ លោក Williamson បានបញ្ជាក់ថា មូលហេតុចម្បងដែលធ្វើឲ្យលោកយល់បែបនេះ គឺព្រោះតែអាមេរិកមិនមានក្រុមហ៊ុនទូរគមនាគមន៍ណាមួយ ដែលមានសមត្ថភាពដូចប្រទេសចិនឡើយ។
គួរជម្រាបថា រដ្ឋាភិបាលអាមេរិកបានចោទប្រកាន់ទាំងគ្មានភស្តុតាង ទៅលើក្រុមហ៊ុន Huawei ថា ឧបករណ៍ទូរគមនាគមន៍របស់ Huawei មានលាក់នូវគ្រឿងសម្រាប់រដ្ឋាភិបាលចិន តាមដានជាសម្ងាត់។ ដូច្នេះហើយខ្លួនបានហាមឃាត់ស្ថាប័នរដ្ឋទាំងអស់របស់អាមេរិក ទិញសម្ភារៈ និងសេវាកម្មពីក្រុមហ៊ុនចិនរួមមាន Huawei និង ZTE ជាដើម ហើយអាមេរិកក៏បានកត់ឈ្មោះ Huawei ចូលក្នុងបញ្ជីខ្មៅផងដែរ ដែលហាម Huawei ទិញគ្រឿងបរិក្ខា និងសេវាកម្មពីក្រុមហ៊ុនអាមេរិក ប៉ុន្តែការអនុវត្តបម្រាមនេះ ទើបតែត្រូវបានពន្យារពេល ៩០ថ្ងៃទៀត។ ក្រៅពីប្រទេសខ្លួនឯង ទីក្រុងវ៉ាស៊ីនតោនក៏បានទទូចសម្ព័ន្ធមិត្តរបស់ខ្លួន កុំឲ្យស្វាគមន៍ក្រុមហ៊ុន Huawei ឲ្យចូលរួមក្នុងការអភិវឌ្ឍបណ្តាញ 5G នៅតាមប្រទេសទាំងនោះទៀតផង៕