(ផ្លូរីដា)៖ នៅល្ងាចថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) អភិបាលរដ្ឋផ្លូរីដា ( Florida) លោក រ៉ូន ឌែសាន់ទីស (Ron DeSantis) បានចេញការប្រកាសអាសន្នលើតំបន់ចំនួន ២៦ នៃរដ្ឋភាគអាគ្នេយ៍សហរដ្ឋអាមេរិកមួយនេះ ទាក់ទងនឹងការមកដល់នៃព្យុះហឺរីខិន ដូរៀន (Hurricane Dorian) នៅឆ្នេរសមុទ្រភាគខាងកើតរបស់រដ្ឋ នៅចុងសប្តាហ៍នេះតែម្តង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានរុស្សី Sputnik នាព្រឹកថ្ងៃប្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ ២០១៩។

ការប្រកាសអាសន្ននេះត្រូវបានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីព្យុះត្រូពិក Dorian បានវិវឌ្ឍន៍ខ្លួនក្លាយជាព្យុះសង្ឃរា (Hurricane) កម្រិតទី ១ នៅពេលវាមកដល់ភាគខាងកើត នៃសមុទ្រការ៉ាប៊ីន ភាគខាងត្បូងសហរដ្ឋអាមេរិក។ ដោយឡែក យោងតាមអាជ្ញាធរឧតុនិយមអាមេរិកបានឲ្យដឹងថា ព្យុះនេះអាចនឹងវិវឌ្ឍន៍ខ្លួនដល់ កម្លាំងខ្លាំងជាងនេះបន្ថែមទៀត នៅពេលដែលវាបានបក់បោកមកដល់តំបន់ដីគោកនៃរដ្ឋ Florida នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន)។

គួរជម្រាបថា កាលពីដើមសប្តាហ៍នេះវែបសាយព័ត៌មានអាមេរិក អាក់ស៊ីយ៉ូស (Axios) បានរាយការណ៍ថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ធ្លាប់បានលើកឡើងនូវគំនិត ចង់ប្រើប្រាស់គ្រាប់បែកនុយក្លេអ៊ែរ ទៅទម្លាក់លើព្យុះហឺរីខិន (Hurricane) ដើម្បីទប់ស្កាត់កុំឲ្យពួកវា បោកបក់មកដល់សហរដ្ឋអាមេរិក។ ទោះយ៉ាងណា លោកប្រធានាធិបតីបានច្រានចោលការអះអាងខាងលើនេះ ខណៈអ្នកជំនាញបានពន្យល់ថា វាជាដំណោះស្រាយដែលមិនអាចជឿទុកចិត្តបានទេ៕