(ហុងកុង)៖ កងទ័ពចិនដែលឈរជើងនៅទីក្រុងហុងកុង នាថ្ងៃព្រហស្បតិ៍នេះបាននិយាយថា យោធានៃប្រទេសចិននឹងបង្កើនការចូលរួមចំណែកថ្មីៗ ដើម្បីរក្សាស្ថិរភាព និងវិបុលភាពនៃទីក្រុងស្វយ័តពិសេសនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០១៩។
នៅថ្ងៃព្រហស្បតិ៍នេះយោធាចិនទើបតែបានបញ្ជូនកងទ័ពថ្មី ដើម្បីដោះដូរកងកម្លាំងទ័ព ដែលឈរនៅទីក្រុងហុងកុងពីមុន។ ទន្ទឹមគ្នានេះ បាតុកម្មនៅតែបន្តផ្ទុះឡើងកាលពីសប្តាហ៍មុន ហើយអំពើហិង្សាក៏បានកើតមានកាន់តែខ្លាំង ដែលបង្ខំឲ្យប៉ូលិសហុងកុងបាញ់គ្រាប់ពិតព្រមានជាលើកដំបូង។ ខណៈប្រទេសលោកខាងលិចបានសម្តែងក្តីព្រួយបារម្ភ ទីក្រុងប៉េកាំងបានប្រកាសដាច់ខាតថា ហាមការចូលជ្រៀតជ្រែកបញ្ហាហុងកុង ដែលជាបញ្ហាផ្ទៃក្នុងរបស់ចិនពីសំណាក់បរទេស។
គួរជម្រាបថា កាលពីឆ្នាំ១៩៩៧ នៅពេលអង់គ្លេសប្រគល់ទីក្រុងនេះឲ្យចិនវិញ ហុងកុងបានក្លាយជាតំបន់ស្វយ័តពិសេសដំបូងគេរបស់ចិន នៅក្រោមគោលនយោបាយ «ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ» ពោលគឺទីក្រុងហុងកុងមានសិទ្ធិធ្វើអ្វីៗដោយខ្លួន ឯងក្នុងកម្រិតខ្ពស់ លើកលែងតែនយោបាយការបរទេស ឬការពារជាតិ ហើយហុងកុងក៏មានប្រព័ន្ធយុត្តិធម៌ ដែលខុសពីទីក្រុងប៉េកាំងផងដែរ៕