(ប្រេស៊ីឡា)៖ ប្រធានាធិបតីប្រេស៊ីល លោក ហ្ស៊ែរ បូលសូណារ៉ូ (Jair Bolsonaro) នាថ្ងៃពុធសប្តាហ៍នេះបាននិយាយថា បណ្តាប្រទេសនៅតំបន់អាមេរិកខាងត្បូង នឹងជួបគ្នាដើម្បីកំណត់នូវគោលនយោបាយរួមមួយ ស្តីពីការការពារព្រៃអាម៉ាហ្សូន (Amazon) ខណៈបណ្តាប្រទេសលើលោកជាពិសេសអឺរ៉ុប កំពុងដាក់សម្ពាធយ៉ាងខ្លាំង មកលើបណ្តាប្រទេសអាមេរិកឡាទីន ជាពិសេសគឺប្រេស៊ីលតែម្តង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានចិន CGTN នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០១៩។
ខណៈព្រៃអាម៉ាហ្សូនកំពុងជួបបញ្ហាភ្លើងឆេះក្នុងកម្រិតគួរឲ្យបារម្ភ ដែលជាក្តីកង្វល់ធំមួយសម្រាប់អន្តរជាតិទាំងមូល លោក Bolsonaro ហាក់កំពុងបង្ហាញឲ្យឃើញថា លោកចង់ផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធជាមួយបណ្តាប្រទេសជិតខាង នៅក្នុងតំបន់របស់លោកជាជាងប្រជាជាតិនៅអឺរ៉ុប។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួបជាមួយប្រធានាធិបតីឈីលី លោក សេបាស្ទាន ភីណែរ៉ា (Sebastian Pinera) នៅរដ្ឋធានីប្រេស៊ីឡា លោក Bolsonaro បាននិយាយថា កិច្ចប្រជុំមួយរវាងបណ្តាប្រទេសអាមេរិកខាងត្បូង លើកលែងពីវេណេស៊ុយអេឡា ដែលមានគោលដៅជជែកពិភាក្សាអំពីគោលនយោបាយរួម ដើម្បីគាំពារតំបន់ព្រៃអាម៉ាហ្សូន នឹងត្រូវធ្វើឡើងនៅថ្ងៃទី០៦ ខែកញ្ញា ខាងមុខ នៅទីក្រុង ឡេទីស្យ៉ា (Leticia) របស់កូឡុំប៊ី។ នាឱកាសជួបជាមួយលោក Pinera លោក Bolsonaro ក៏បានទទួលយកសំណើរបស់ឈីលី ដែលចង់បញ្ជូនយន្តហោះ០៤គ្រឿង ឲ្យពន្លត់ភ្លើងឆេះព្រៃអាម៉ាហ្សូននៅប្រេស៊ីលផងដែរ។
គួរជម្រាបថា ព្រៃទាក់ទាញទឹកភ្លៀងអាម៉ាហ្សូន មានសារសំខាន់ជាខ្លាំងសម្រាប់ភពផែនដីយើង ដោយវាមានតួនាទីស្រូបយកឧស្ម័នកាបូនជាច្រើន ហើយផលិតឧស្ម័នអុកស៊ីសែនប្រមាណ ២០ភាគរយ ដែលមានក្នុងបរិយាកាសផែនដី ហើយវាក៏ជាអាវុធដ៏ចាំបាច់មួយផងដែរ ក្នុងការប្រយុទ្ធប្រឆាំង បញ្ហាបម្រែបម្រួលអាកាសធាតុពិភពលោកផងដែរ។ ដូច្នេះហើយការប្រឈមនឹងបញ្ហាភ្លើងឆេះ ក្នុងកម្រិតមិនធ្លាប់មាននាពេលនេះ កំពុងបង្កក្តីព្រួយបារម្ភជាខ្លាំងដល់សហគមន៍អន្តរជាតិទាំងមូល។
តំបន់ព្រៃអាម៉ាហ្សូន គ្របដណ្ដប់លើប្រទេសដូចជា ប្រេស៊ីល, បូលីវី, កូឡុំប៊ី, អេក្វាដ័រ, ដែនដីបារាំងហ្គីយ៉ាណា (French Guiana), ហ្គូយ៉ាណា (Guyana), ប៉េរូ, ស៊ូរីណេម (Suriname) និងប្រទេសវេណេស៊ុយអេឡា ខណៈ៦០ភាគរយ គឺស្ថិតក្នុងប្រទេសប្រេស៊ីល ដែលជាកន្លែងមានករណីឆេះច្រើនជាងគេ៕