(ម៉ិចស៊ីកូ)៖ អាជ្ញាធរម៉ិចស៊ីកូបានឲ្យដឹងថា ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ២៦នាក់ហើយ និង១១នាក់ទៀតរងរបួសធ្ងន់ នៅពេល ក្លឹបរាត្រីមួយកន្លែង ស្ថិតក្នុងភាគខាងកើតប្រទេសម៉ិចស៊ីកូបានរងការវាយប្រហារ តាមរយៈការចោលគ្រាប់បែកសាំង ដែលបានបង្កការឆាបឆេះយ៉ាងដំណំ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០១៩។
ហេតុការណ៍ខាងលើបានកើតឡើងនាវេលាយប់ថ្ងៃអង្គារ (ពេលវេលានៅក្នុងតំបន់) នៅក្លឹបឈ្មោះ ខាបាលឡូ ប្លង់កូ (Caballo Blanco) ក្នុងទីក្រុង ខូតហ្សាខូលខូស (Coatzacoalcos) នៃរដ្ឋ វែរ៉ាគ្រូស (Veracruz) ខណៈបើតាមសាក្សីមួយចំនួន មនុស្សមួយក្រុមបានធ្វើសកម្មភាពបាញ់ប្រហារ រួចគប់គ្រាប់បែក សាំងទៅលើកន្លែងនោះ។
គួរជម្រាបថា អាជ្ញាធរម៉ិចស៊ីកូក្នុងតំបន់កើតហេតុ កំពុងត្រៀមបើកការស៊ើបអង្កេតលើករណីវាយប្រហារខាងលើ ដើម្បីវែករកមុខ ក្រុមជនដែលបានប្រព្រឹត្តទង្វើនេះ។ ប៉ូលិសទីក្រុងខាងលើនេះបានប្តេជ្ញាថា គ្មានបទឧក្រិដ្ឋកម្ម ណាមួយដែលទៅបាត់ដោយងាយៗ និងគ្មានការពិន័យនោះឡើយ៕