(ឡុងដ៍)៖ បញ្ហានៃការនាំយកអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបជាផ្លូវការ Brexit បានក្លាយជារឿងកាន់តែក្តៅគគុក ដោយពេលនេះម្ចាស់ក្សត្រីអង់គ្លេស អេលីហ្សាប៊ែតទី ២ បានសម្រេចព្រះទ័យផ្អាកដំណើរការសភា តបតាមសំណើពីនាយករដ្ឋមន្ត្រីថ្មី គឺលោក បូរីស ចនសុន នៅក្នុងខែកញ្ញាខាងមុខនេះតែម្តង ក្នុងន័យរារាំងការជាប់គាំងលើដំណើរការ នាំអង់គ្លេសចេញពីសហភាពអឺរ៉ុប (Brexit)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នាយប់ថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០១៩។
ការផ្អាកដំណើរការសភានេះ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់លោក បូរីស ចនសុន ដើម្បីតតាំងទៅនឹងសមាជិកសភាជាច្រើន ដែលចង់ជំទាស់ចំពោះការនាំអង់គ្លេស ចាកចេញពីសហភាពអឺរ៉ុបជាផ្លូវការនោះ។ លោក បូរីស ចនសុន បានហៅការសម្រេចព្រះទ័យ ផ្អាកដំណើរការសភានោះ គឺជារឿងដ៏រំភើបបំផុតមួយ។ ប៉ុន្តែវាមានន័យថា ពេលវេលាដែលសមាជិកសភាត្រូវអនុម័តច្បាប់ ដើម្បីរារាំងការគ្មានកិច្ចព្រមព្រៀងចាកចេញពីអឺរ៉ុប ឬ No Brexit ដែលគ្រោងធ្វើឡើងនៅថ្ងៃទី ៣១ ខែតុលា នោះនឹងត្រូវបានកាត់បន្ថយពេលផងដែរ។
ជុំវិញបញ្ហាខាងលើនេះ ប្រធានសភាអង់គ្លេសលោក ចន ប៊ឺខូវ (John Bercow) បានប្រៀបធៀបថាវាគឺជា «កំហឹងរដ្ឋធម្មនុញ្ញ» ។ ប្រធានសភាដែលពីដើមរៀងមក មិនតម្រូវឲ្យលើកឡើងពីបញ្ហានយោបាយនោះបានបន្តទៀតថា «ទោះបីជាបែបណា អ្វីៗត្រូវបានសម្រេចចេញមកហើយ... វាត្រូវបានបញ្ចេញមក (ការផ្អាកដំណើរការសភា) ដើម្បីបញ្ឈប់សមាជិកសភានានា មិនឲ្យតស៊ូមតិគ្នាអំពីដំណើរការ Brexit និងបំពេញកាតព្វកិច្ច របស់ពួកគេក្នុងនាមជាអ្នករៀបចំច្បាប់សម្រាប់ប្រទេសជាតិ...»។
ដោយឡែកមេគណបក្សពលករលោក ជែរែមី ខ័រប៊ីន (Jeremy Corbyn) ដ៏មានឥទ្ធិពលមួយរូបក្នុងសភាអង់គ្លេសនោះក៏បានតវ៉ាផងដែរថា ការផ្អាកសភាតាមគំនិត លោកនាយករដ្ឋមន្ត្រី បូរីស ចនសុន គឺជាទង្វើដែលមិនអាចទទួលយកបាន ព្រោះអ្វីដែលលោកកំពុងធ្វើ គឺជាការវាយកម្ទេច និងដណ្តើមយកលទ្ធិប្រជាធិបតេយ្យរបស់យើង ដោយបង្ខំ តាមរយៈការធ្វើឲ្យគ្មានដំណោះស្រាយអ្វីសោះ (no deal)។
គួរបញ្ជាក់ផងដែរថា លោក Corbyn បានប្រកាសអំពីគំរោងកៀរគរសមាជិកសភា ឲ្យបោះឆ្នោតមិនផ្តល់ទំនុកចិត្ត (no confident vote) ចំពោះលោក បូរីស ចនសុន ដើម្បីរារាំងអ្វីដែលនាយករដ្ឋមន្ត្រីរូបនេះកំពុងព្យាយាមធ្វើ នៅថ្ងៃអង្គារសប្តាហ៍ក្រោយ។ ជុំវិញកិច្ចការផ្ទៃក្នុងរបស់អង់គ្លេសនេះដែរ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ក៏បានបង្ហើរសារមួយដែរនៅលើ Twitter ដោយក្នុងនោះលោក ត្រាំ បានរៀបរាប់ថា «វាជារឿងលំបាកបំផុតសម្រាប់លោក Corbyn ក្នុងការបោះឆ្នោតមិនផ្តល់ទំនុកចិត្តលើលោក បូរីស ចនសុន... ចំពោះមុខពន្លឺនៃការពិត ដែលមនុស្សដូចជាលោក បូរីស នេះហើយទើបជាអ្វីដែលអង់គ្លេសកំពុងស្វែងរក...»៕