(អាល្លឺម៉ង់)៖ ពស់វែកមានពិសដ៏គ្រោះថ្នាក់មួយក្បាលមានឈ្មោះ ណាចា កៅយូធា (Naja Kaouthia) ដែលមានដើមកំណើតពីទ្វីបអាស៊ី និងអាចមានសមត្ថភាពចឹកមនុស្សស្លាប់ ឲ្យបាននោះ បានរួចចេញពីទ្រុងរបស់វាហើយកាលពីថ្ងៃទី២៥ ខែសីហា នៅក្រុងហឺណេ (Herne) ភាគខាងលិចអាល្លឺម៉ង់។ នេះបើតាមការចេញផ្សាយដោយ Sputnik នាយប់ថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០១៩។
ខណៈពីរថ្ងៃហើយនៅតែមិនទាន់រកឃើញពស់វែកមួយក្បាលនោះ អាជ្ញាធរក្រុងខាងលើនេះបាន ជម្លៀសមនុស្សម្នាចេញពីអគារស្នាក់នៅ ដែលពស់នោះបានរួចចេញពីទ្រុងរបស់វា ហើយនិងអគារនានានៅជុំវិញនោះផងដែរ ខណៈប្រជាជននៅក្នុងក្រុង ត្រូវបានណែនាំឲ្យប្រយ័ត្នប្រយែងខ្ពស់ ដោយត្រូវបិទទ្វារបង្អួចឲ្យជិតបំផុត។
គួរបញ្ជាក់ថា ពស់វែកខាងលើនេះមានប្រវែងប្រហែល ១ម៉ែត្រ បានរួចចេញពីទ្រុងនៅក្នុង អគារស្នាក់នៅមួយកន្លែងនៃក្រុង Herne ដែលមានប្រជាជនសរុប ១៥០,០០០នាក់។ ក្រោយការចុះពិនិត្យទីតាំងកើតហេតុ ប៉ូលិសអាល្លឺម៉ង់ក៏បាន រឹបអូសយកសព្វពស់ក្នុងទ្រុង ប្រមាណជាង ២០ក្បាលទៀតទៅរក្សាទុកផងដែរ៕