(កាប៊ុល)៖ ក្រុមតាលីបង់ នៅថ្ងៃពុធនេះ បានអះអាងថា ខ្លួនជិតសម្រេចបានកិច្ចព្រមព្រៀង ចុងក្រោយជាមួយសហរដ្ឋអាមេរិកហើយ ដើម្បីឈានដល់ការបិទបញ្ចប់សង្រ្គាមនៅក្នុងប្រទេស អាហ្វហ្គានីស្ថាន អស់រយៈពេល១៨ឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ ព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០១៩។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន អ្នកនាំពាក្យការិយាល័យនយោបាយក្រុមតាលីបង់ ប្រចាំទីក្រុង ដូហា ប្រទេសកាតា លោក Suhail Shaheen បានលើកឡើងយ៉ាងខ្លីដូច្នេះថា៖ «យើងសង្ឃឹមថា នឹងទទួលបានដំណឹងល្អក្នុងពេលឆាប់ៗនេះ សម្រាប់ប្រជាជនម៉ូស្លីមរបស់យើង និង ប្រទេសជាតិ របស់យើងដែលកំពុងស្វែងរកឯករាជ្យជាតិ»។
គួរជម្រាបថា សហរដ្ឋអាមេរិក និងក្រុមតាលីបង់ បានជួបចរចាគ្នាចំនួន៩លើករួចមកហើយ នៅក្នុង ទីក្រុងដូហា ប្រទេសកាតា ក្នុងគោលបំណងស្វែងរកកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម និងការដក កងទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថាន ជាថ្នូរនឹងការធានាកុំឱ្យប្រទេសមួយនេះធ្លាក់ក្នុងកណ្ដាប់ដៃ ក្រុមជ្រុលនិយម៕