(ញូយ៉ក)៖ អ្នកជំនាញ បានលើកឡើងថា ការដំឡើងពន្ធលើផលិតផលប្រទេសចិនដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកថ្មីៗនេះ នឹងនឹងធ្វើឱ្យសង្គមអាមេរិក ប្រឈមនឹងហានិភ័យជាខ្លាំង ជាពិសេសគឺកុមារ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរនារសៀលថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ ២០១៩។
ការឡើងថ្លៃនៃផលិតផលទារកដែលនាំចូលពីប្រទេសចិន ដោយសារតែរដ្ឋាភិបាលអាមេរិក នឹងធ្វើឲ្យអាណាព្យាបាលអាមេរិកមួយចំនួន ជាពិសេសពួកអ្នកដែលមានប្រាក់ចំណូលទាប ពុំមានលទ្ធភាពផ្គត់ផ្គង់គ្រែគេងសមរម្យដល់កូនៗពួកគេ ដែលនេះមានន័យថា ធ្វើឲ្យកុមារស្ថិតក្នុងស្ថានភាពគ្រោះថា្នក់។
លោក Joseph Chami ដែលជាអ្នកមានបទពិសោធន៍ច្រើនទសវត្សក្នុងវិស័យឧស្សាហកម្ម បាននិយាយថា ការដែលតម្លៃផលិតផលទារកឡើងខ្ពស់ ដោយសារតែការដំឡើងពន្ធ នឹងអាចបង្កឲ្យមានអត្រាស្លាប់របស់ទារក កើនឡើងកាន់តែច្រើន។
ចំណែកឯ លោក Shami ដែលជាប្រធានក្រុមហ៊ុន Delta Kids ដែលជាក្រុមហ៊ុនមួយ ឈានមុខគេនៅក្នុងវិស័យនេះ បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ ថា៖ «ជិត៨០ភាគរយនៃបណ្តាញផលិតផលរបស់យើងគឺមកពីប្រទេសចិន» ហើយលោកបានបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនរបស់លោក លក់គ្រែនិងពូកគេងសម្រាប់កុមារជាង ៥០ភាគរយ ក្នុងចំណោមផលិតផលផ្សេងទៀត នៅក្នុងទីផ្សារសហរដ្ឋអាមេរិក ជាពិសេសដល់ក្រុមគ្រួសារដែលមានកម្រិតជីវភាពមធ្យម។
លោក Shami បានពន្យល់ថា ផលិតផលគ្រឿងសង្ហារឹមកុមារជាច្រើន នឹងត្រូវរងផលប៉ះពាល់ពីការដំឡើងពន្ធបន្ថែម២៥ភាគរយ ដោយប្រជាជនអាមេរិក នឹងត្រូវការចំណាយបន្ថែមទៀត ដើម្បីទិញប្រដាប់ក្មេងលេង កៅអី រថយន្តជ័រ និងផលិតផលដទៃទៀត ដែលចំបាច់សម្រាប់សុវត្ថិភាពកុមារ។
ដូច្នេះហើយ ក្រុមអ្នកជំនាញមើលឃើញថា វាបានធ្វើឲ្យទារក និងកុមារនៃគ្រួសារដែលមានជីវភាពមិនសូវធូរធារ ប្រឈមមុខនឹងហានិភ័យជាខ្លាំង ដោយពេលខ្លះ អាណាព្យាបាលទាំងនោះ បានដាក់កូនៗពួកឲ្យគេងគ្រែជាមួយពួកគេ ឬក៏ប្រើប្រាស់គ្រែដែលគុណភាពអន់ ដែលអាចធ្វើឲ្យប៉ះពាល់ជាខ្លាំងដល់ដំណេកកុមារ។
គួរជម្រាបថា បើយោងតាមការសិក្សាស្រាវជ្រាវមួយ បានបង្ហាញថា ប្រសិនបើកុមារចែករំលែកគ្រែជាមួយឪពុកម្តាយ ពួកគេ នឹងប្រឈមមុខនឹងហានិភ័យជាច្រើន រួមទាំងការថប់ដង្ហើម គេងមិនគ្រប់ គេងមិនស្កប់ស្កល់ និងលទ្ធភាពធ្ងន់ធ្ងរផ្សេងទៀត ខណៈមានកុមារចំនួន៣,៧០០នាក់បានស្លាប់ជារៀងរាល់ឆ្នាំ នៅសហរដ្ឋអាមេរិកដោយសារមូលហេតុទាក់ទងនឹងការគេង៕