(ម៉ូស្គូ)៖ នាថ្ងៃអង្គារសប្តាហ៍នេះ រុស្ស៊ីបានបញ្ជូនយន្តហោះដឹកប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 បន្ថែមទៀត មកដល់ប្រទេសតួកគី បញ្ចប់ពីការប្រគល់លើកទីមួយបានសម្រេចទៅកាលពីខែមុន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០១៩។
ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានប្រាប់ប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្គាន់ ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី កាលពីថ្ងៃអង្គារថា «ដំណើរការប្រគល់ប្រព័ន្ធ S-400 ថ្មីទៀត បានចាប់ផ្តើមប្រព្រឹត្តទៅនាព្រឹកនេះហើយ»។ បើតាមក្រសួងការពារជាតិតួកគី ការប្រគល់ប្រព័ន្ធ S-400 ឈុតទីពីរនេះ នឹងត្រូវចំណាយពេលប្រហែលមួយខែទើបចប់ជាស្ថាពរ។
កាលពីថ្ងៃទី២៥ ខែកក្កដា កន្លងទៅ រុស្ស៊ីបានបញ្ចប់ដំណើរការប្រគល់ប្រព័ន្ធ S-400 ដំណាក់កាលដំបូងមកឲ្យតួកគី ដោយទីក្រុង អង់ការ៉ាបានហុចដាច់ទទួលយកប្រព័ន្ធខែលការពារមីស៊ីលនេះ ទាំងនៅចំពោះមុខការព្រមានរបស់អាមេរិក។ ទីក្រុងវ៉ាស៊ីនតោន មានក្តីជំទាស់ជាខ្លាំងចំពោះការទិញសព្វាវុធនេះ ព្រោះការយល់ឃើញថា វានឹងប្រឆាំងជាមួយក្បួនយុទ្ធសាស្រ្តយោធានៃអង្គការ NATO ដែលតួកគីជាសមាជិកមួយដែរ។
ជាការឆ្លើយតប សហរដ្ឋអាមេរិក បានសម្រេចដកតួកគីចេញពីកម្មវិធីនៃភាពជាដៃគូអភិវឌ្ឍយន្តហោះចម្បាំង-បំបាំងកាយ F-35 និងប្រកាសលែងលក់យន្តហោះនេះឲ្យតួកគីថែមទៀត ដ្បិតការបំពាក់ប្រព័ន្ធ S-400 នៅលើទឹកដីតួកគី អាចនឹងបើកឱកាសឲ្យ ប្រទេសរុស្ស៊ីលួចស៊ើបដឹងពីការណ៍សម្ងាត់នៃបច្ចេកវិទ្យាយន្តហោះចម្បាំង F-35 របស់ខ្លួន។
គួរជម្រាបថា កិច្ចព្រមព្រៀងទិញប្រព័ន្ធ S-400 រវាងទីក្រុងអង់ការ៉ានិងទីក្រុងម៉ូស្គូ មានទំហំ២.៥ពាន់លានដុល្លារ៕