Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ម៉ិចស៊ីកូ៖ មនុស្ស២៣នាក់ស្លាប់ និងជាង១០នាក់របួសធ្ងន់ ក្រោយក្លឹបរាត្រីមួយកន្លែងរងការវាយប្រហារដោយការចោលគ្រាប់បែកសាំង (Video inside)

28-08-2019 15:24

(ម៉ិចស៊ីកូ)៖ អាជ្ញាធរម៉ិចស៊ីកូបានឲ្យដឹងថា មនុស្សសរុប២៣នាក់បានបាត់បង់ជិវិត និងជាង១០នាក់ទៀតរងរបួសធ្ងន់ នៅពេល​ក្លឹបរាត្រីមួយកន្លែង ស្ថិតក្នុងភាគខាងកើតប្រទេសម៉ិចស៊ីកូ បានរងការវាយប្រហារតាមរយៈការចោលគ្រាប់បែកសាំង។ នេះបើ​តាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០១៩។

ហេតុការណ៍ខាងលើ បានកើតឡើងនាវេលាយប់ថ្ងៃអង្គារ (ពេលវេលានៅក្នុងតំបន់) នៅក្លឹបឈ្មោះ Caballo Blanco ក្នុងទីក្រុង Coatzacoalcos នៃរដ្ឋ Veracruz ខណៈបើតាមសាក្សីមួយចំនួន មនុស្សមួយក្រុមបានធ្វើសកម្មភាពបាញ់ប្រហារ រួចគប់គ្រាប់បែក​សាំងទៅលើកន្លែងនោះ។ ជាលទ្ធផលមនុស្ស២៣នាក់បានស្លាប់ ក្នុងនោះស្រី៨នាក់ និងប្រុស១៥នាក់ រីឯ១៣នាក់ទៀតរបួស។

គួរជម្រាបថា អាជ្ញាធរម៉ិចស៊ីកូក្នុងតំបន់កើតហេតុ កំពុងត្រៀមបើកការស៊ើបអង្កេតលើករណីវាយប្រហារខាងលើ ដើម្បីវែករកមុខ​ក្រុមជនដែលបានប្រព្រឹត្តទង្វើនេះ៕