(តូក្យូ)៖ ថ្ងៃពុធនេះ ជប៉ុនបានដកកូរ៉េខាងត្បូងចេញពី «បញ្ជីស» ស្តីពីការអនុគ្រោះផ្នែកនាំចេញ ជាផ្លូវការហើយ ខណៈបញ្ហាវិវាទនៃប្រទេសទាំងពីរកាន់តែដុនដាបឡើង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានចិន CGTN នៅរសៀលថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០១៩។
គម្រោងដកប្រទេសកូរ៉េខាងត្បូងចេញពីបញ្ជីស បានចូលជាធរមាន ក្រោយរដ្ឋាភិបាលជប៉ុន បានសម្រេចធ្វើយ៉ាងដូច្នោះកាលពីដើមខែសីហានេះ។ វាក៏ជាវិធានការរឹតបន្តឹងជុំទីពីរផងដែរ ពាក់ព័ន្ធផ្នែកពាណិជ្ជកម្មដែលទីក្រុងតូក្យបានដាក់លើទីក្រុងសេអ៊ូល ដោយកាលពីថ្ងៃទី០៤ ខែកក្កដា កន្លងទៅ ជប៉ុនបានរឹតត្បិតលើការនាំចេញទៅកាន់កូរ៉េខាងត្បូងនូវវត្ថុធាតុដើមសំខាន់ៗ ដែលចាំបាច់ ក្នុងការផលិតបន្ទះឈីប និងអេក្រង់ស្មាតហ្វូន ដោយសារតែជម្លោះជាមួយទីក្រុងសេអ៊ូល ជុំវិញបញ្ហាបង្ខិតបង្ខំពលកម្មលើប្រជាជនកូរ៉េខាងត្បូង កាលពីសម័យអាណានិគមជប៉ុន។
តាមរយៈការដកចេញពីបញ្ជីសនេះ កូរ៉េខាងត្បូង នឹងលែងទទួលបានការអនុគ្រោះលើការនាំចេញផលិតផលពីជប៉ុនទៀតហើយ ពោលគឺពួកវាត្រូវឆ្លងកាត់ការវាយតម្លៃនិងត្រួតពិនិត្យយ៉ាងល្អិតល្អន់ជាមុនសិន ហើយក្រុមហ៊ុនជប៉ុន ក៏ត្រូវតែរង់ចាំការអនុញ្ញាតពីក្រសួងពាណិជ្ជកម្មនិងសេដ្ឋកិច្ចជប៉ុនផងដែរ មុនពេលនាំចេញទំនិញទៅកូរ៉េខាងត្បូង។
គួរជម្រាបថា ជាការឆ្លើយតប កាលពីកន្លះខែមុន កូរ៉េខាងត្បូងបានប្រកាសដកជប៉ុន ចេញពីបញ្ជីសពាណិជ្ជកម្មរបស់ខ្លួនដែរ និងបានប្រកាសការរឹតបន្តឹងខ្លាំងជាងមុន លើការនាំចូលផេះធ្យូងថ្ម និងកាកសំណល់នៃរូបធាតុ ដែលអាចកែច្នៃឡើងវិញបានផ្សេងៗទៀតពីប្រទេសជប៉ុន។ ចំណែកកាលពីសប្តាហ៍មុន រដ្ឋាភិបាលទីក្រុងសេអ៊ូល បានប្រកាសពីការសម្រេចចិត្តលុបចោលកិច្ចព្រមព្រៀងចែករំលែកព័ត៌មានសម្ងាត់ជាមួយជប៉ុនថែមទៀត។
យ៉ាងណាមិញ រដ្ឋមន្រ្តីពាណិជ្ជកម្មជប៉ុន លោក Seko Hiroshige បាននិយាយថា ចំណាត់ការទាំងនេះធ្វើឡើងក្រោមគោលដៅដើម្បីបង្កើតនូវការគ្រប់គ្រងផ្នែកនាំចេញ ដែលត្រឹមត្រូវសមរម្យមួយ ដោយពុំមានបំណងបំផ្លាញទំនាក់ទំនងរវាងជប៉ុន ហើយនិងកូរ៉េខាងត្បូងនោះឡើយ៕