សមាជិកសភារដ្ឋ Alabama គំាទ្រដំណោះស្រាយបណ្ដេញសមាជិកសភាម៉ូស្លីម លោកស្រី Omar ចេញពីសភាអាមេរិក
28-08-2019 11:37
(វ៉ាស៊ីនតោន)៖ សមាជិកសភាម្នាក់ នៃគណបក្សសាធារណរដ្ឋមកពីរដ្ឋ Alabama បានបង្ហាញការគំាទ្រ ដល់ដំណោះស្រាយមួយ ដែលអំពាវនាវឱ្យបណ្ដេញសមាជិកសភា នៃគណបក្សប្រជាធិបតេយ្យ មកពីរដ្ឋ Minnesota លោកស្រី Ilhan Omar ចេញពីសភាអាមេរិក កាលពីចុងសប្ដាហ៍កន្លងទៅ។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០១៩។
ដំណោះស្រាយខាងលើ ត្រូវបានស្នើឡើងដោយសមាជិកសភា លោក Tommy Hanes ជាមួយការ អំពាវនាវឱ្យក្រុមប្រតិភូសមាជិកសភា រដ្ឋ Alabama ដំណើរការនិតិវិធីបណ្ដេញលោកស្រី lhan Omar ចេញពីសភាអាមេរិក ដោយសំអាងលើមាត្រា១ ផ្នែកទី៥នៃរដ្ឋធម្មនុញ្ញអាមេរិក។ ដំណោះស្រាយ នេះដដែល បានថ្កោលទោសយ៉ាងដូច្នេះថា៖ « អ្នកតំណាងរាស្រ្ត លោកស្រី Ilhan Omar បានប្រើប្រាស់ វោហារសាស្រ្ត ដែលប្រឆាំងនឹងតម្លៃស្នេហាជាតិរបស់អាមេរិក ដោយបានចោទប្រកាន់មិនពិតមកលើ យោធាអាមេរិក ថាបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម នៅកំឡុងពេលបំពេញបេសកកម្មរំដោះប្រទេស សូម៉ាលី ដែលជាប្រទេសកំណើតរបស់លោកស្រី»។
លើសពីនេះទៅទៀត លោក Tommy Hanes ក៏បានអះអាងដែរថាលោកស្រី Omar បានចោទប្រកាន់ ដោយគ្មានមូលដ្ឋានថា អង្គការជ្វីហ្វ ក្នុងសហរដ្ឋអាមេរិក បានប្រើលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បី ទិញឥទ្ធិពលសភាអាមេរិក ទាក់ទងនឹងគោលនយោបាយកាន់ជើងអ៊ីស្រាអែល។
គួរជម្រាបថា លោកស្រី Ilhan Omar ដែលជាសមាជិកសភាម៉ូស្លីមម្នាក់ក្នុងចំណោមសមាជិកសភា ម៉ូស្លីមពីររូប នៅក្នុងសភាអាមេរិក បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីចេញសេចក្តីថ្លែងការណ៍ ជាបន្តបន្ទាប់ រិះគន់អ៊ីស្រាអែល៕