(ហាណូយ)៖ ព្យុះទីហ្វុងថ្មីមួយទៀតឈ្មោះ Podul ដែលជាព្យុះទីហ្វុងទី១២ក្នុងឆ្នាំ២០១៩នេះ កំពុងតែបោកបក់ធ្វើដំណើរឆ្ពោះមកកាន់ប្រទេសវៀតណាម។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០១៩។
ព្យុះទីហ្វុង Podul បានលេចរូបរាងឡើងនៅលើមហាសមុទ្រប៉ាស៊ីហ្វិក កាលពីព្រឹកថ្ងៃអង្គារសប្តាហ៍នេះ ក្បែរប្រទេសហ្វីលីពីន។ នាថ្ងៃពុធនេះ វាបានបោកបក់ឆ្លងកាត់កោះ Luzon របស់ហ្វីលីពីន ហើយឆ្លងចូលភាគខាងកើតសមុទ្រចិនខាងត្បូង ក្នុងល្បឿនធ្វើដំណើរប្រមាណ៣០គីឡូម៉ែត្រក្នុងមួយម៉ោង។
បន្ទាប់មកទៀតព្យុះខាងលើនឹងសំដៅមករកខេត្តដីកោះ Hainan របស់ចិន ជាមួយកម្លាំងខ្យល់បក់អាចដល់១២០គីឡូម៉ែត្រក្នុងមួយម៉ោង។ ដោយនៅថ្ងៃសុក្រ វាត្រូវគេព្យាករណ៍ថា នឹងវាយប្រហារចំខេត្ត Haina តែម្តង ឬក៏ត្រឹមឆ្លងកាត់ឆ្នេរភាគខាងត្បូងនៃខេត្តដីកោះនេះ ហើយបន្តឆ្ពោះមករកប្រទេសវៀតណាម។
គួរជម្រាបថា ព្យុះទីហ្វុង Podul អាចមកដល់តំបន់ភាគខាងជើងនិងភាគកណ្តាលវៀតណាម នៅក្នុងកំឡុងថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យសប្តាហ៍នេះ ខណៈប្រទេសកម្ពុជាយើង ជាពិសេសប៉ែកខាងជើង ក៏ទំនងជានឹងទទួលរងចំណាយឥទ្ធិពលពីវាដែរ ដូចជាការធ្លាក់ភ្លៀងខ្លាំងជាដើម៕