(វ៉ាស៊ីនតោន)៖ អ្នកលេងបណ្ដាញទំនាក់ទំនងសង្គម ជាពិសេសនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង បានសម្ដែងការខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីអ្នកសារព័ត៌មានប្រចាំសេតវិមានម្នាក់ចាត់ទុក ប្រធានាធិបតីអាហ្វ្រិកខាងត្បួង លោក Cyril Ramaphosa ជា«មេដឹកនាំមិនស្គាល់អត្តសញ្ញាណ ម្នាក់»។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០១៩។
អ្នកសារព័ត៌មានអាមេរិកប្រចាំសេតវិមានមកពីទីភ្នាក់ងារព័ត៌មាន Associated Press លោកស្រី Darlene Superville បានបង្កភាពចម្រូងចម្រាសខាងលើ តាមរយៈការបង្ហោះរូបភាពរបស់ មេដឹកនាំ០៤នាក់ ក្នុងនោះរួមមានប្រធានាធិបតីបារាំង លោក ម៉ាក្រុង, នាយករដ្ឋមន្ត្រីកាណាដា លោក ទ្រូដូ និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក ម៉ូឌី ព្រមទាំងប្រធានាធិបតីអាហ្រ្វិកខាងត្បូង លោក Cyril Ramaphosa។
ប៉ុន្តែ លោកស្រី Superville បែរជាហៅលោក Ramaphosa ថាជា «មេដឹកនាំមិនស្គាល់ អត្តសញ្ញាណម្នាក់ទៅវិញ» ជាហេតុធ្វើឱ្យអ្នកលេងបណ្ដាញទំនាក់ទំនងសង្គម ជាពិសេសប្រជាជន អាហ្វ្រិកខាងត្បូងមានការខឹងសម្បារជាខ្លាំង។
គួរបញ្ជាក់ថា មនុស្សច្រើនជាង ៣,៤០០នាក់ បានបញ្ចេញប្រតិកម្មនឹងការបង្ហោះរូបភាព និងសារ របស់លោកស្រី Superville នៅលើ Twitter កាលពីថ្ងៃអាទិត្យកន្លងទៅ នាឱកាសដែលលោក Ramaphosa ចូលរួមក្នុងកិច្ចប្រជុំកំពូល G7 នៅឯទីក្រុង Biarritz ប្រទេសបារាំង៕